នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែ
កក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ។
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនគឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងលើកកម្ពស់វប្បធម៌សន្ទនា និងការទុកចិត្តគ្នាទៅ វិញទៅមកតាមរយៈការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមដើម្បីស្នើសុំដំណោះស្រាយ និងកិច្ចអន្តរាគមន៍នានាពីផ្នែករាជរដ្ឋាភិបាល។
សូមបញ្ជាក់ផងដែរថា គិតត្រឹមដំណាច់ឆមាសទី២ ឆ្នាំ២០២៥ វិធានការ១៦៩ បានសម្រេចពេញលេញ ក្នុងចំណោម១៧៩វិធានការ ដែលបានដាក់ចេញដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលស្មើនឹងប្រមាណ៩៤,៤% និង១០វិធានការផ្សេងទៀតកំពុងឈានទៅរកការសម្រេចពេញលេញ។
ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នៃក្រុមការងារទាំង១៦ របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន តំណាងអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិ សមាគមធុរកិច្ច និងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ ៣០០នាក់។