ទេសចរណ៍
បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ភាពទាក់ទាញនៃឆ្នេរសមុទ្រ និងទ្រព្យសម្បត្តិធម្មជាតិ ភ្ជាប់ជាមួយបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងបែបប្រពៃណី ផ្តល់នូវតម្លៃបន្ថែមដ៏រឹងមាំសម្រាប់វិនិយោគិន។ ក្នុងឆ្នាំ ២០២៤ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧ លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ ២០២៣។ ការស្នាក់នៅជាមធ្យមរយៈពេល ៧ ថ្ងៃ និងអត្រាស្នាក់នៅសណ្ឋាគារប្រមាណ ៧៨% បង្ហាញពីភាពទាក់ទាញរបស់កម្ពុជា និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញជាគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនា។ វិស័យទេសចរណ៍នៅកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវប្បធម៌ និងធម្មជាតិ ដែលបង្កើតនូវកាលានុវត្តភាពវិនិយោគយ៉ាងសម្បូរបែប លើផ្នែកបដិសណ្ឋារកិច្ច ទេសចរណ៍ធម្មជាតិ និងផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ផ្សេងទៀត។ ជាមួយនឹងការកើនឡើងនៃតម្រូវការ, ការគាំទ្រដ៏រឹងមាំពីរាជរដ្ឋាភិបាល, ការលើកទឹកចិត្តវិនិយោគ, និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានៅតែបន្តទាក់ទាញម៉ាកយីហោលំដាប់ពិភពលោក ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ហើយបាននិងកំពុងក្លាយជាគោលដៅចម្បងសម្រាប់ការវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍។
បេតិកភណ្ឌវប្បធម៌ដ៏ល្បីលើពិភពលោករបស់ប្រទេសកម្ពុជា ដូចជាប្រាសាទអង្គរវត្ត និងទេសភាពធម្មជាតិដ៏សម្បូរបែបបានបន្តទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ បន្ថែមពីលើភាពទាក់ទាញផ្នែកប្រវត្តិសាស្រ្ត កម្ពុជាផ្តល់នូវសក្តានុពលដ៏ធំសម្បើមសម្រាប់បទពិសោធន៍ទេសចរណ៍ថ្មីៗ រាប់ចាប់ពី ឆ្នេរខ្សាច់សស្អាត និងកោះត្រូពិច រហូតដល់ព្រៃឈើខៀវស្រងាត់ ទឹកជ្រោះ និងជួរភ្នំ។ ការបញ្ចូលគ្នាដ៏សម្បូរបែបនៃធម្មជាតិ និងវប្បធម៌នេះបង្កើតជាសក្តានុពលសម្រាប់ការផលិតផលិតផលទេសចរណ៍ជាច្រើន រួមទាំងទេសចរណ៍ធម្មជាតិ ទេសចរណ៍ផ្សងព្រេង បទពិសោធន៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍បែបសុខុមាលភាព ទេសចរណ៍អាហារ និងទេសចរណ៍កម្សាន្ត។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិ និងប្រជាជនដែលមានប្រាក់ចំណូលមធ្យម កំពុងជំរុញតម្រូវការសម្រាប់សេវាកម្មបដិសណ្ឋារកិច្ច និងសេវាកម្មសម្រាប់ជីវិតប្រចាំថ្ងៃ ប្រកបដោយគុណភាព។ ការណ៍នេះបង្ហាញពីកាលានុវត្តភាពក្នុងការវិនិយោគលើសណ្ឋាគារប្រណិតៗ រមណីយដ្ឋានប៊ូទិក បទពិសោធន៍នៃការទទួលទានអាហារបែបប្រណិត កន្លែងកម្សាន្ត សួនទឹក និងការលក់រាយលំដាប់ខ្ពស់ ជាពិសេស ផលិតផលដែលផលិតនៅកម្ពុជា ដែលផ្តល់ជូនវិនិយោគិននូវការផ្សារភ្ជាប់ជាមួយវប្បធម៌ដែលកាន់តែជ្រាលជ្រៅ។ លើសពីនេះ ការកើនឡើងនៃតួនាទីរបស់កម្ពុជាជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់ និងអន្តរជាតិ បង្ហាញពីសក្តានុពលដែលកំពុងរីកចម្រើនសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍បែបប្រជុំ សន្និសីទ និងពិព័រណ៍ (ម៉ាយ)។
ដើម្បីគំាទ្រកំណើនប្រកបដោយចីរភាពនៃឧស្សាហកម្មទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវការលើកទឹកចិត្ត គោលនយោបាយគាំទ្រ ព្រមទាំងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ក្នុងគោលបំណងទាក់ទាញវិនិយោគិននិងភ្ញៀវទេសចរ ដែលរួមមានជាអាទិ៍ ក្របខណ្ឌលើកទឹកចិត្តផ្នែកពន្ធនិងមិនមែនពន្ធដ៏សម្បូរបែប កញ្ចប់ឬកម្មវិធីគាំទ្រនានា ការសម្រួលនីតិវិធីចុះបញ្ជីធុរកិច្ច និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការធ្វើឱ្យប្រសើរឡើងនិងការពង្រីកបណ្តាញផ្លូវ អាកាសយានដ្ឋាន សេវាទូរគមនាគមន៍ និងមធ្យោបាយទូទាត់ឌីជីថល ជាដើម។ ជាពិសេស ការបិទបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F ដែលមានផ្ទៃដីសរុប ២.៦០០ ហិកតា នឹងជំរុញវិស័យទេសចរណ៍យ៉ាងខ្លាំង តាមរយៈការបង្កើនការតភ្ជាប់អន្តរជាតិ និងគាំទ្រការវិនិយោគលើបដិសណ្ឋារកិច្ចកម្រិតខ្ពស់, ទេសចរណ៍ម៉ាយ និងបទពិសោធន៍ទេសចរណ៍ក្នុងតំបន់។ ស្របគ្នានេះ រាជរដ្ឋាភិបាលកំពុងជំរុញយុទ្ធសាស្រ្តក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍របស់ភ្ញៀវទេសចរណ៍ ក្នុងគោលបំណងលើកទឹកចិត្តឱ្យមានការស្នាក់នៅយូរ និងការចំណាយខ្ពស់នៅស្រុក។