គ្រឿងសង្ហារិម ឈើ Veneer និងផលិតផលធ្វើពីឈើ
ឧស្សាហកម្មគ្រឿងសង្ហារិមរបស់កម្ពុជា កំពុងក្លាយជាវិស័យដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ដោយសារមានវត្ថុធាតុដើមដ៏សម្បូរបែប កម្លាំងពលកម្មដែលមានហត្ថកោសល្យ និងភាពប្រកួតប្រជែង ការទទួលបាននូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម ការផ្តល់ការគាំទ្រពីរាជរដ្ឋាភិបាល និងការកើនឡើងនៃការប្តេជ្ញាចិត្តចំពោះផលិតកម្មប្រកបដោយចីរភាព។ ភាពខ្លាំងទាំងនេះបាននិងកំពុងទាក់ទាញក្រុមហ៊ុនផលិតអន្តរជាតិឈានមុខគេ ដែលស្វែងរកមូលដ្ឋានផលិតកម្មដែលអាចទុកចិត្តបាន និងមានគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់តម្រូវការនៃកំណើនក្នុងឧស្សាហកម្មទេសចរណ៍ ការអភិវឌ្ឍអចលនទ្រព្យ និងទីផ្សារនាំចេញតំបន់ និងសកល។ ការនាំចេញក្នុងវិស័យសង្ហារិមនៅកម្ពុជាមានសមិទ្ធកម្មល្អប្រសើរ ដោយសម្រេចបានកំណើនមធ្យមប្រចាំឆ្នាំ (CAGR) ក្នុងអត្រា២០,៧% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ជាមួយនឹងទំហំនៃការនាំចេញកើនឡើងពី ៤១៩លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០១៩ ដល់ ៨៩០ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣។ គុណសម្បត្តិជាយុទ្ធសាស្ត្ររបស់កម្ពុជាបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនក្នុងវិស័យគ្រឿងសង្ហារិម។
ក្រុមហ៊ុនដែលទទួលបានជោគជ័យ
ជាមួយនឹងធនធានធម្មជាតិដ៏សម្បូរបែប និងភាពចម្រុះនៃប្រភេទឈើដែលមានតម្លៃពាណិជ្ជកម្ម ភាពធន់ និងសោភ័ណភាពសម្រាប់កែច្នៃជាគ្រឿងសង្ហារិម ដូចជា ម៉ៃសាក់, អាកាស្យា, កៅស៊ូ និងប្រេងខ្យល់ កម្ពុជាផ្តល់នូវមូលដ្ឋានផ្គត់ផ្គង់ប្រកបដោយស្ថិរភាព និងចីរភាពសម្រាប់ឧស្សាហកម្មគ្រឿងសង្ហារិម។ វត្ថុធាតុដើមទាំងនេះសុទ្ធតែស័ក្តិសមសម្រាប់ផលិតផលិតផលជាច្រើនប្រភេទ ចាប់ពីគ្រឿងសង្ហារិមដែលរចនាតាមតម្រូវការ និងមានលំដាប់ខ្ពស់ រហូតដល់គ្រឿងសង្ហារិមផលិតក្នុងទ្រង់ទ្រាយធំ។
ប្រទេសកម្ពុជាផ្តល់នូវសំណើគុណតម្លៃដ៏រឹងមាំមួយសម្រាប់ឧស្សាហកម្មគ្រឿងសង្ហារិម។ ក្រៅពី ធនធានធម្មជាតិដ៏សម្បូរបែប, កម្លាំងពលកម្មជំនាញ, គោលនយោបាយគាំទ្រពីរាជរដ្ឋាភិបាល និងការចូលទៅកាន់ទីផ្សារជាយុទ្ធសាស្ត្រគឺជាចំណុចខ្លាំងចម្បង។ កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង ហត្ថកោសល្យ និងមានភាពប្រកួតប្រជែង។ ការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបទពិសោធន៍ជាក់ស្តែង ធ្វើឱ្យកម្លាំងពលកម្មកម្ពុជាកាន់តែមានជំនាញផ្នែកកែច្នៃឈើ ជាងឈើ និងការផ្គុំដំឡើងគ្រឿងសង្ហារិម ដែលធ្វើឱ្យពួកគេស័ក្តិសមទាំងសម្រាប់ផលិតកម្មបែបសិប្បកម្ម និងឧស្សាហកម្ម។ ទន្ទឹមនេះ ដើម្បីរក្សាចីរភាពនៃកំណើនរបស់ឧស្សាហកម្មនេះ រាជរដ្ឋាភិបាលផ្តល់នូវការលើកទឹកចិត្តផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ កិច្ចសម្រួលនីតិវិធី និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ចាប់ពីផ្លូវថ្នល់ និងអាកាសយានដ្ឋាន រហូតដល់ប្រព័ន្ធទូទាត់ទូរគមនាគមន៍ និងឌីជីថល។ បន្ថែមលើនេះ កត្តាដែលធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញគឺការទទួលបានការអនុគ្រោះផ្នែកពាណិជ្ជកម្មសម្រាប់ការចូលទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលអនុញ្ញាតឱ្យវិនិយោគិននាំចេញទៅប្រទេសទាំងនោះក្នុងអត្រាពន្ធទាប ឬសូន្យ និងមានភាពងាយស្រួលក្នុងចូលទៅទីផ្សារទាំងនោះ។ គុណសម្បត្តិទាំងនេះ ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងដែលផ្តល់នូវប្រសិទ្ធភាពចំណាយ ព្រមទាំងធនធានសម្បូរបែបសម្រាប់ការវិនិយោគរយៈពេលវែង និងការនាំចេញ។
កម្ពុជាក៏ផ្តល់នូវសំណើគុណតម្លៃជាយុទ្ធសាស្រ្តសម្រាប់ផលិតកម្មប្រកបដោយចីរភាព។ ក្នុងឆ្នាំ ២០២៤ ប្រមាណ ៦១% នៃថាមពលរបស់កម្ពុជាបានមកពីប្រភពកកើតឡើងវិញ ដោយកម្ពុជាមានគោលដៅបង្កើនចំណែកនោះដល់ ៧០% ក្នុងល្បាយថាមពលទាំងមូល ត្រឹមឆ្នាំ ២០៣០ ដែលការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកំណើនបៃតង និងកម្មន្តសាលប្រកបដោយការទទួលខុសត្រូវ។