ឯកឧត្តម ជា វុទ្ធី
អគ្គលេខាធិការ
គណៈកម្មាធិការវិនិយោគកម្ពុជា
វិនិយោគិនជាទីមេត្រី,
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនដល់វិនិយោគិនទាំងអស់ ដែលកំពុងពិចារណាជ្រើសរើសប្រទេសកម្ពុជាជាគោលដៅវិនិយោគបន្ទាប់របស់លោកអ្នក។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបាននិងកំពុងបន្តដំណើរលើមាគ៌ានៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព កំណែទម្រង់ស្ថាប័ន និងចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ការប្ដេជ្ញាចិត្តរបស់ពួកយើងចំពោះសេដ្ឋកិច្ចបើកចំហ និងកំណើនរុញច្រានដោយវិស័យឯកជន បានជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលមានរបបវិនិយោគសេរីបំផុតមួយនៅក្នុងតំបន់ ដោយកម្មសិទ្ធិបរទេសត្រូវបានអនុញ្ញាតពេញលេញ សម្រាប់ការវិនិយោគស្ទើរតែគ្រប់វិស័យ និងមានកញ្ចប់លើកទឹកចិត្តប្រកបដោយភាពប្រកួតប្រជែង ក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ជាការកត់សម្គាល់ ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក.អ.ក. បេសកកម្មគោះទ្វារវិនិយោគប្រកបដោយបុរេសកម្មនៅក្រៅប្រទេស និងកិច្ចសន្ទនាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលមានការចូលរួមពីសហគមន៍ធុរកិច្ចអន្តរជាតិសំខាន់ៗ បានពង្រឹងទំនុកចិត្តវិនិយោគិនយ៉ាងខ្លាំង។ គំនិតផ្តួចផ្តើមទាំងនេះបានរួមចំណែកធ្វើឱ្យការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ មានការកើនឡើងខ្ពស់ជាប្រវត្តិសាស្រ្ត ដែលនេះកាន់តែគូសបញ្ជាក់ពីកិត្តិនាមរបស់កម្ពុជាដែលកំពុងរីកចម្រើន ក្នុងនាមជាគោលដៅវិនិយោគដ៏ល្អប្រសើរមួយនៅក្នុងតំបន់។
ក្នុងបរិការណ៍ដែលពិភពលោកពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃជវភាពភូមិសាស្រ្តនយោបាយ កម្ពុជានៅតែជាគោលដៅវិនិយោគដែលមានភាពកាន់តែទាក់ទាញ និងជឿទុកចិត្តបាន។ ទីតាំងយុទ្ធសាស្រ្ត, ការទទួលបានការអនុគ្រោះផ្នែកពាណិជ្ជកម្ម, កម្លាំងពលកម្មដែលមានវ័យក្មេង និងហត្ថកោសល្យ ព្រមទាំងបណ្តាញហេដ្ឋារចនាសម្ព័ន្ធដែលរីកចម្រើន ធ្វើឱ្យកម្ពុជាជាគោលដៅអំណោយផលនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។ ជាមួយគ្នានេះ កម្ពុជាក៏ជាប្រទេសលេចធ្លោក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ ក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ដោយកម្ពុជាមានចំណែកថាមពលកកើតឡើងវិញខ្ពស់ ក្នុងល្បាយថាមពល ក្នុងតំបន់។ ពួកយើងកំពុងតែជំរុញអន្តរកាលបៃតងយ៉ាងសកម្ម ព្រមទាំងជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងគំាទ្រការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើជំនាញ និងឌីជីថល។
គន្លឹះសំខាន់នៃយុទ្ធសាស្រ្តឧស្សាហកម្មរបស់ពួកយើងគឺ ការពង្រីកតំបន់សេដ្ឋកិច្ចពិសេស និងចង្កោមឧស្សាហកម្ម ដែលផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធសាងសង់រួចរាល់, នីតិវិធីរដ្ឋបាលដែលមានភាពសាមញ្ញ និងទីតាំងដែលស្ថិតនៅជិតមជ្ឈមណ្ឌលប្រមូលផ្តុំភស្តុភារកម្ម និងដឹកជញ្ជូន។ តំបន់ទាំងនេះ កំពុងអនុញ្ញាតឱ្យមានការរីកលូតលាស់នៃឧស្សាហកម្មអតិមូលធន និងបច្ចេកវិទ្យាខ្ពស់, ជំរុញនវានុវត្តន៍ឧស្សាហកម្ម និងការផ្ទេរជំនាញ ព្រមទាំងពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតផងដែរ។ នាពេលបច្ចុប្បន្ន សាជីវកម្មពហុជាតិឈានមុខ លើវិស័យចម្រុះ ពីកម្មន្តសាលជឿនលឿន, យានយន្ត, អេឡិចត្រូនិក, កសិ-ពាណិជ្ជកម្ម រហូតដល់បដិសណ្ឋារកិច្ច និងការលក់រាយ សុទ្ធតែបានជ្រើសរើសកម្ពុជាជាផ្នែកមួយនៃយុទ្ធសាស្រ្តកំណើនក្នុងតំបន់របស់ពួកគេ។ ការបន្តពង្រីកការវិនិយោគ និងភាពជោគជ័យរបស់ពួកគេ គឺជាសក្ខីភាពដ៏រឹងមាំឆ្លុះបញ្ចាំងពីសក្តានុពលរយៈពេលវែងរបស់កម្ពុជា។
នៅគណៈកម្មាធិការវិនិយោគកម្ពុជា នៃ ក.អ.ក. ពួកយើងមានមោទនភាពក្នុងការបំពេញមុខងារជាយន្តការសេវាច្រកចេញចូលតែមួយ ដែលផ្តល់សេវាកម្មដ៏ល្អប្រសើរជូនវិនិយោគិនទាំងអស់ តាមរយៈអភិក្រម “ស៣”៖
ជាទីបញ្ចប់ ខ្ញុំសូមអញ្ជើញលោកអ្នកមកស្វែងយល់បន្ថែមពីកាលានុវត្តភាពរបស់កម្ពុជា។ គោលដៅរបស់ខ្ញុំគឺធ្វើយ៉ាងណាឱ្យលោកអ្នកអាចវិនិយោគ និងរីកចម្រើនប្រកបដោយភាពជឿជាក់នៅកម្ពុជា ដែលភាពជោគជ័យនៃអាជីវកម្មរបស់លោកអ្នកក៏អាចជំរុញនិងលើកទឹកចិត្តវិនិយោគិនដទៃ ព្រមទាំងរួមចំណែកដល់វិបុលភាពយូរអង្វែងរបស់ប្រជាជនកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ តទៅមុខទៀត។
សារស្វាគមន៍