វិស័យឌីជីថល និងបៃតង
ប្រទេសជាច្រើនក្នុងពិភពលោកកំពុងពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកចីរភាព ព្រមទាំងផ្លាស់ប្តូររបៀបបង្កើនកំណើនសេដ្ឋកិច្ច, ធ្វើប្រតិបត្តិការអាជីវកម្ម, និងសេវាកម្មត្រូវបានផ្តល់។ នៅចំចំណុចស្នូលនៃការផ្លាស់ប្តូរទាំងនេះ វិស័យបៃតង និងឌីជីថលកំពុងក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើនរយៈពេលវែង ភាពធន់ និងការប្រកួតប្រជែង។ និន្នាការដែលកំពុងលេចឡើងទាំងនេះ ធ្វើឱ្យប្រទេសកម្ពុជាជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគដែលគិតគូរពីអនាគត។ ទីតាំងយុទ្ធសាស្ត្រ, កម្លាំងពលកម្មវ័យក្មេង និងមានជំនាញខាងបច្ចេកវិទ្យា, ការកើនឡើងនៃតម្រូវការសម្រាប់ដំណោះស្រាយប្រកបដោយចីរភាព, ការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាល, សក្តានុពលទីផ្សារដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ, និងបរិយាកាសបទប្បញ្ញត្តិអំណោយផល ធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានភាពទាក់ទាញ។ គុណសម្បត្តិជាយុទ្ធសាស្ត្ររបស់កម្ពុជាបានទាក់ទាញក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យថាមពលដើរដោយពន្លឺព្រះអាទិត្យ ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងការផលិត និងផ្គុំដំឡើងយានយន្តអេឡិចត្រូនិក ឱ្យមកបណ្តាក់ទុនវិនិយោគក្នុងវិស័យបៃតង និងឌីជីថលរបស់កម្ពុជា។ ដូច្នេះហើយ សម្រាប់វិនិយោគិនដែលស្វែងរកកំណើនរយៈពេលវែង, នវានុវត្តន៍ និងផលជះជាវិជ្ជមាន វិស័យបៃតង និងឌីជីថលរបស់កម្ពុជា ផ្តល់នូវកាលានុវត្តភាពជាយុទ្ធសាស្ត្រ។
ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅដ៏មានសក្តានុពលមួយសម្រាប់ការវិនិយោគបៃតង ដែលផ្តល់នូវកាលានុវត្តភាពជាច្រើន។ ប្រទេសកម្ពុជាមានសក្តានុពលថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនីដ៏សម្បូរបែប ដែលធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដ៏គួរឱ្យទាក់ទាញសម្រាប់ការវិនិយោគគម្រោងថាមពលស្អាត និងកកើតឡើងវិញ។ នគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការកើនឡើងនៃការប្រើប្រាស់ ក៏បានបង្កើតតម្រូវការដ៏សំខាន់សម្រាប់ដំណោះស្រាយគ្រប់គ្រងកាកសំណល់ទំនើបផងដែរ ដែលផ្តល់នូវកាលានុវត្តភាពវិនិយោគជាច្រើនរួមមាន ការកែច្នៃកាកសំណល់រឹង ការបម្លែងកាកសំណល់ទៅជាថាមពល បច្ចេកវិទ្យាកាត់បន្ថយប្លាស្ទិក និងសេដ្ឋកិច្ចចក្រាជាដើម។ ជាមួយនឹងមូលដ្ឋានឧស្សាហកម្មដែលកំពុងរីកចម្រើន និងប្រព័ន្ធអេកូឡូស៊ីគាំទ្រ ការផលិត និងការផ្គុំដំឡើងយានយន្តអគ្គិសនី (EVs) ជាវិស័យសក្តានុពលខ្ពស់មួយទៀតសម្រាប់វិនិយោគិន។ លើសពីនេះ គោលនយោបាយគាំទ្ររបស់កម្ពុជា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអព្យាក្រឹតកាបូន ដែលឆ្លុះបញ្ចាំងនៅក្នុង “យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនរបស់ប្រទេសកម្ពុជា” ពង្រឹងបន្ថែមទៀតនូវសក្តានុពលនៃវិស័យនេះ និងផ្តល់នូវកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញក្នុងប្រសិទ្ធភាពថាមពល បច្ចេកវិទ្យាចាប់យកកាបូន និងដំណោះស្រាយក្នុងការកាត់បន្ថយ និងសម្របសម្រួលជាមួយបម្រែបម្រួលអាកាសធាតុ។
ប្រទេសកម្ពុជាក៏កំពុងក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគក្នុងវិស័យឌីជីថលផងដែរ ដែលជំរុញដោយប្រជាជនវ័យក្មេង និងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងការកើនឡើងនៃលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត។ នគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការកើនឡើងនៃប្រជាជនដែលមានចំណូលមធ្យមកំពុងជំរុញឱ្យមានតម្រូវការសម្រាប់ភស្តុភារកម្មឆ្លាតវៃ, សេវាកម្មក្លោដ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ទន្ទឹមនេះ តម្រូវការសម្រាប់មជ្ឈមណ្ឌលទិន្នន័យដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព បាននិងកំពុងកើនឡើងផងដែរ ព្រោះអាជីវកម្ម និងភ្នាក់ងាររដ្ឋាភិបាលបានផ្លាស់ប្តូរទៅប្រើប្រាស់សេវាកម្មក្លោដ និងប្រតិបត្តិការតាមថ្នាលឌីជីថល។ គោលនយោបាយគាំទ្ររបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះបរិវត្តកម្មឌីជីថល ដែលឆ្លុះបញ្ចាំងនៅក្នុង “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ពង្រឹងសក្តានុពលនៃវិស័យនេះបន្ថែមទៀត។ កាលានុវត្តភាពក៏មាននៅក្នុងវិស័យផ្សេងទៀតដូចជា សន្តិសុខសាយប័រ ការបង្កើតសុសវែរ និងសេវាកម្មដែលប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ វិស័យឌីជីថលរបស់កម្ពុជាផ្តល់នូវសក្តានុពលដ៏គួរឱ្យទាក់ទាញនៅក្នុងទីផ្សារដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស សម្រាប់វិនិយោគិនដែលកំពុងស្វែងរកកំណើន និងនវានុវត្តន៍រយៈពេលវែង។