វាយនភណ្ឌ និងសំលៀកបំពាក់
បច្ចុប្បន្ននេះ កម្ពុជានៅតែឈរជើងជាមជ្ឈមណ្ឌលប្រមូលផ្ដុំផលិតកម្មកាត់ដេរ និងវាយនភណ្ឌដ៏សំខាន់មួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០២៣ កម្ពុជាគឺជាប្រទេសនាំចេញផលិតផលវាយនភណ្ឌធំជាងគេលំដាប់ទី៨ ដោយមានកម្មករនិយោជិតសរុបជាង ៩សែននាក់។ ដើម្បីបន្តពង្រឹងវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” និង “ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភ័ណ្ឌ និងសម្លៀកបំពាក់កម្ពុជា ឆ្នាំ២០២៣-២០២៧” ដែលមានគោលបំណងប្រែក្លាយវិស័យនេះទៅជាវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ប្រកបដោយចីរភាពបរិស្ថាន និងភាពធន់។ គំនិតផ្ដួចផ្ដើមទាំងនេះ មានគោលបំណងប្រែក្លាយវិស័យកាត់ដេររបស់កម្ពុជា ទៅជាវិស័យមួយដែលមានតម្លៃបន្ថែមខ្ពស់ មានភាពធន់ និងមានមេត្រីភាពបរិស្ថាន តាមរយៈការអនុវត្តសកម្មភាពអាទិភាពមួយចំនួនដូចជា ការលើកទឹកចិត្តដល់ការវិនិយោគផលិតវត្ថុធាតុដើមនិងធាតុចូលផលិតកម្មក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ ជំនួសការនាំចូល, ការជំរុញការប្រើប្រាស់មធ្យោបាយស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យានវានុវត្តន៍ដើម្បីបង្កើតផលិតភាពនិងស័ក្ដិសិទ្ធិភាព ព្រមទាំងការលើកកម្ពស់ផលិតកម្មវាយនភណ្ឌដែលមានមេត្រីភាពបរិស្ថាន ស្របតាមគោលការណ៍ចីរភាព និងដើម្បីទាក់ទាញវិនិយោគិនដែលយកចិត្តទុកដាក់ខ្ពស់លើបរិស្ថាន។
ប្រទេសកម្ពុជា គឺជាទីតាំងប្រមូលផ្ដុំផលិតកម្មវាយនភណ្ឌប្រកបដោយថាមវន្ត ដោយផ្ដល់នូវឱកាសវិនិយោគដ៏សម្បូរបែប និងមានភាពប្រកួតប្រជែង។ ចាប់តាំងពីទសវត្សឆ្នាំ១៩៩០មក ការនាំចេញរបស់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានកើនឡើងយ៉ាងខ្លាំង។ ឧស្សាហកម្មវាយនភ័ណ្ឌរបស់កម្ពុជាគឺផ្តោតលើការនាំចេញ ដែលបានបន្តធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ប៉ុន្មានឆ្នាំមកនេះ កម្ពុជាទទួលបានរំហូរនៃការវិនិយោគបរទេសជាបន្តបន្ទាប់ ក្នុងឧស្សាហកម្មវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ដែលបង្ហាញថាកម្ពុជាគឺជាគោលដៅឈានមុខសម្រាប់ការវិនិយោគលើវិស័យនេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១៣ប៊ីលានដុល្លារអាម៉េរិក កើនឡើង២៤% បើធៀបនឹងឆ្នាំ២០២៣។ លើសពីនេះ ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យនេះក៏នៅតែកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះ ជាង៤០%នៃចំនួនគម្រោងសរុប ស្ថិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។