អំពី
គណៈកម្មាធិការវិនិយោគកម្ពុជា
គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បំពេញមុខងារជាសេនាធិការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) លើការងារជំរុញវិនិយោគឯកជន និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ ផ្អែកតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រឹត្យលេខ នស/រកត/១២២៣/២៥៦៤ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ.វ.ក./ក.អ.ក. បំពេញតួនាទីជាច្រកចេញចូលតែមួយ ក្នុងការពិនិត្យ និងអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងវិស័យអាទិភាព ដែលរួមចំណែកដល់ការបង្កើតការងារ ការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ទន្ទឹមនឹងមុខងារស្នូលនេះ គ.វ.ក./ក.អ.ក. មានភារកិច្ចសម្របសម្រួលរៀបចំយន្តការសន្ទនា រាប់បញ្ចូលទាំងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងវេទិកាសន្ទនាទ្វេភាគីផ្សេងទៀតជាមួយវិនិយោគិនមកពីបណ្ដាប្រទេសដៃគូសំខាន់ៗ។ តួនាទីនិងភារកិច្ចលម្អិតរបស់ គ.វ.ក./ក.អ.ក. មានចែងនៅក្នុងមាត្រា១៧ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២២៣/២៥៦៤ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ការផ្ដល់សេវាជូនវិនិយោគិន
គ.វ.ក./ក.អ.ក. ប្ដេជ្ញាផ្ដល់សេវាជូនវិនិយោគិនឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រឱ្យ គម្រោងវិនិយោគអាចដំណើរការទៅបានដោយរលូន។ ក្នុងស្មារតីនេះ គ.វ.ក./ក.អ.ក. ផ្ដល់សេវាថែទាំវិនិយោគដ៏សម្បូរបែប ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិន រួមមាន៖
មគ្គុទ្ទេសក៍វិនិយោគ
គ.វ.ក./ក.អ.ក. មានមន្ត្រីជំនាញរង់ចាំផ្ដល់សេវាកម្មប្រឹក្សាយោបល់ និងព័ត៌មានចាំបាច់នានាជូនវិនិយោគិនរៀងរាល់ម៉ោងធ្វើការ ពាក់ព័ន្ធនឹងនីតិវិធីដាក់ពាក្យសុំចុះបញ្ជីគម្រោងវិនិយោគ អនុលោមភាពគតិយុត្ត ការទទួលបានការលើកទឹកចិត្ត ការតភ្ជាប់ជាមួយសហគ្រាសផ្គត់ផ្គង់ និងការស្វែងរកទីផ្សារជាដើម។ ដោយមានការគាំទ្របច្ចេកទេសពីរដ្ឋាភិបាលអូស្ត្រាលី ក.អ.ក. បានរៀបចំនិងបោះពុម្ពផ្សាយនូវ “សៀវភៅស្ដីពីការវិនិយោគនៅកម្ពុជា (ឆ្នាំ២០២៣)” ដែលជាមគ្គុទ្ទេសក៍ដ៏សំខាន់សម្រាប់វិនិយោគិនស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងបទពិសោធន៍ និងការចែករំលែកទស្សនៈដោយវិនិយោគិនដែលកំពុងមានប្រតិបត្តិការជោគជ័យនៅកម្ពុជា។
ការគាំទ្រជាក់លាក់ និងសេវាកម្មឌីជីថល
គ.វ.ក./ក.អ.ក. មានមន្ត្រីជំនាញប្រចាំការទទួលបន្ទុកលើតុវិនិយោគតាមប្រទេស និងតុវិនិយោគកសិ-ចំណីអាហារ សម្រាប់ផ្ដល់ជំនួយគាំទ្រ និងដំណោះស្រាយព័ត៌មានជាក់លាក់ជូនវិនិយោគិន។ ចុចលើលីង ដើម្បីស្វែងយល់បន្ថែមអំពី តុវិនិយោគតាមប្រទេស និងតុវិនិយោគកសិ-ចំណីអាហារ។ លើសពីនេះ ក្នុងស្មារតីបោះជំហានទៅរកបរិវត្តកម្មឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក.អ.ក. បានខិតខំកែលម្អការផ្ដល់សេវាកម្មរបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងដំណោះស្រាយឌីជីថល ដើម្បីបង្កើនភាពងាយស្រួលបន្ថែមទៀតដល់វិនិយោគិន ក្នុងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ជាពិសេសការស្នើសុំដាក់ពាក្យចុះបញ្ជីគម្រោងវិនិយោគ ដែលវិនិយោគិនអាចដាក់សំណើបានតាមរយៈប្រព័ន្ធ cdcIPM ពីទីណាក៏បាន ពេលណាក៏បាន ព្រមទាំងមានមុខងារតាមដានសំណើផងដែរ។ ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្មឌីជីថលរបស់យើងខ្ញុំ។
វេទិកាសន្ទនារវាងរដ្ឋនិងផ្នែកឯកជន
អាទិភាពខ្ពស់របស់យើងខ្ញុំ គឺធ្វើយ៉ាងណាឱ្យប្រតិបត្តិការអាជីវកម្មរបស់វិនិយោគិនទទួលបានជោគជ័យ។ ក្នុងន័យនេះ គ.វ.ក./ក.អ.ក. សម្របសម្រួលរៀបចំវេទិកាសន្ទនារវាងរដ្ឋនិងផ្នែកឯកជន ជាទៀងទាត់ ដូចជា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងវេទិកាសន្ទនាទ្វេភាគីជាមួយវិនិយោគិនមកពីបណ្ដាប្រទេសដៃគូសំខាន់ៗ ដូចជា ចិន ជប៉ុន កូរ៉េ សហរដ្ឋអាម៉េរិក និងអឺរ៉ុប ជាដើម។ វេទិកាទាំងនេះ មានគោលបំណងផ្ដល់ឱកាសឱ្យវិស័យឯកជន ដែលត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច អាចលើកឡើងនូវបញ្ហាប្រឈមនានា ព្រមទាំងអនុសាសន៍គោលនយោបាយ សម្រាប់កែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
គុណតម្លៃ