កង់ និងគ្រឿងបង្គុំ
ការកើនឡើងនៃនគរូបនីយកម្ម និងចំនួនប្រជាជនដែលគិតគូរពីសុខភាព បាននិងកំពុងជំរុញឱ្យមានការកើនឡើងនូវតម្រូវការសម្រាប់កង់ និងគ្រឿងបង្គុំដែលមានគុណភាពនៅទូទាំងប្រទេសកម្ពុជា និងតំបន់ទាំងមូល។ មនុស្សកាន់តែច្រើនបាននិងកំពុងជ្រើសរើសកង់ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ លំហាត់ប្រាណ និងការរស់នៅប្រកបដោយមេត្រីភាពផ្នែកបរិស្ថាន ដែលការណ៍នេះបាននិងកំពុងប្រែក្លាយឧស្សាហកម្មនេះទៅជាទីផ្សារដ៏រស់រវើក និងមានកំណើនខ្ពស់។ ក្នុងបរិការណ៍នេះ កម្ពុជាផ្តល់នូវកាលានុវត្តភាពវិនិយោគដ៏គួរឱ្យទាក់ទាញក្នុងការផលិត និងការផ្គុំដំឡើងកង់ និងគ្រឿងបង្គុំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនបានសម្រេចចិត្តធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញកង់ឈានមុខគេមួយក្នុងតំបន់ និងសកល។ ក្រុមហ៊ុនភាគច្រើនមានប្រតិបត្តិការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZs) ជាពិសេសនៅទីក្រុងបាវិតនៃខេត្តស្វាយរៀង ដែលជាទីកន្លែងវិនិយោគិនទទួលបានអត្ថប្រយោជន៍ពីកិច្ចសម្រួលនីតិវិធី ការលើកទឹកចិត្ត និងទីតាំងជាយុទ្ធសាស្រ្តដែលស្ថិតនៅជិតផ្លូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ ជាមួយនឹងកម្លាំងពលកម្មដែលមានភាពប្រកួតប្រជែង ការទទួលការអនុគ្រោះផ្នែកពាណិជ្ជកម្ម និងភាពប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាកាន់តែមានភាពទាក់ទាញសម្រាប់ការវិនិយោគក្នុងឧស្សាហកម្មកង់ និងគ្រឿងបង្គុំ។
ក្រុមហ៊ុនដែលទទួលបានជោគជ័យ
ប្រទេសកម្ពុជាគឺជាប្រទេសនាំចេញកង់ឈានមុខគេក្នុងតំបន់អាស៊ាន និងជាប្រទេសនាំចេញកង់ធំជាងគេទី៥ ក្នុងពិភពលោក។ នៅចន្លោះឆ្នាំ២០២១ និង២០២៤ ប្រទេសកម្ពុជាបាននាំចេញផលិតផលកង់ក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង ២,៦ ប៊ីលានដុល្លារអាម៉េរិកទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗដែលរួមមាន សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងកាណាដា។
កម្លាំងពលកម្មដែលមានជំនាញ និងវ័យក្មេងរបស់កម្ពុជា និងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល គឺជាគុណសម្បត្តិចម្បងសម្រាប់វិនិយោគិន។ ជាមួយនឹងការកើនឡើងនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មករនិយោជិតកាន់តែមានភាពស្ទាត់ជំនាញក្នុងការផលិត និងផ្គុំដំឡើង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបង្កើនកំណើននៃឧស្សាហកម្មនេះ តាមរយៈការលើកទឹកចិត្តសារពើពន្ធ កិច្ចសម្រួលនីតិវិធី និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ អាកាសយានដ្ឋាន និងប្រព័ន្ធឌីជីថល។ គុណសម្បត្តិចម្បងមួយទៀតគឺ គឺការទទួលបានការអនុគ្រោះផ្នែកពាណិជ្ជកម្មសម្រាប់ការចូលទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលអនុញ្ញាតឱ្យវិនិយោគិននាំចេញទៅប្រទេសទាំងនោះក្នុងអត្រាពន្ធទាប ឬសូន្យ និងមានភាពងាយស្រួលក្នុងចូលទៅទីផ្សារទាំងនោះ។ ភាពខ្លាំងទាំងអស់នេះធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដែលមានប្រសិទ្ធភាពចំណាយ និងទាក់ទាញសម្រាប់ការវិនិយោគរយៈពេលវែង និងការនាំចេញក្នុងឧស្សាហកម្មកង់ និងគ្រឿងបង្គុំ។