ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ
ទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជាផ្តល់ឱ្យវិនិយោគិននូវច្រកដ៏សំខាន់មួយ ក្នុងការចូលទៅកាន់មហាអនុតំបន់មេគង្គ (GMS) ដោយកម្ពុជាជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់តភ្ជាប់រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេចំនួនពីរក្នុងអនុតំបន់ គឺប្រទេសថៃ និងវៀតណាម។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតរបស់អាស៊ាន សកម្មភាពពាណិជ្ជកម្មរបស់កម្ពុជាបានកើនឡើងយ៉ាងគំហុក ដែលជំរុញឱ្យមានតម្រូវការយ៉ាងខ្លាំងសម្រាប់ជំនាញផ្នែកភស្តុភារកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់រួមដែលតភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់នេះ និងឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលចែកចាយទំនើបទាន់សម័យ។
ទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជា និងការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពុងប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលប្រមូលផ្តុំផ្នែកដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន។ ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង (SEC) តភ្ជាប់ទីក្រុងបាងកក រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ដែលអនុញ្ញាតឱ្យពាណិជ្ជកម្មឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធភាព។ កម្ពុជាក៏ស្ថិតនៅចន្លោះកំពង់ផែទឹកជ្រៅធំៗចំនួនពីរផងដែរ គឺកំពង់ផែ Saigon របស់វៀតណាម និងកំពង់ផែ Laem Chabang របស់ប្រទេសថៃ ដែលផ្តល់ជូនអ្នកនាំចេញនូវច្រកជាច្រើនក្នុងការចូលទៅកាន់ទីផ្សារសកល។ ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចដែលកំពុងកើនឡើង កម្ពុជាកំពុងផ្តល់អាទិភាពដល់ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបានបើកដំណើរការក្នុងខែតុលា ឆ្នាំ២០២២ បានកាត់បន្ថយពេលវេលាដឹកជញ្ជូនជិត ៥០%។ ជាមួយគ្នានេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៣ គឺគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ខាងមុខ។ ការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏ត្រូវបានបញ្ចប់ផងដែរ។ ទន្ទឹមនេះ កម្ពុជាក៏បាននិងកំពុងពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅរបស់ខ្លួន ដែលមានខ្សែដឹកជញ្ជូនទៀងទាត់តភ្ជាប់ទៅកាន់កំពង់ផែសំខាន់ៗក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត និងចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ ដើម្បីជំរុញបន្ថែមលើការដឹកជញ្ជូនតាមផ្លូវទឹក គម្រោងព្រែកជីកហ្វូណនតេជោ ដែលត្រូវមានទំហំទុនវិនិយោគប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិកនឹងតភ្ជាប់ទន្លេមេគង្គទៅកាន់បណ្តាញដឹកជញ្ជូនរបស់កម្ពុជា។ នៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០២៥ខាងមុខ និងដែលត្រូវបានកំណត់ថាជាអាកាសយានដ្ឋានដ៏ធំបំផុតមួយរបស់តំបន់អាស៊ីអាគ្នេយ៍ នឹងបង្កើនសមត្ថភាពដឹកទំនិញ និងផ្ទុកអ្នកដំណើរយ៉ាងច្រើនផងដែរ។
ប្រទេសកម្ពុជាផ្តល់នូវកាលានុវត្តភាពដែលមានសក្តានុពល សម្រាប់ការវិនិយោគនៅក្នុងការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម កំពង់ផែ សេវាកម្មដឹកទំនិញ ភស្តុភារកម្មនៃខ្សែច្រវាក់ត្រជាក់ ឃ្លាំងស្តុកទំនិញ ឃ្លាំងស្តុកទំនិញឆ្លាតវៃ និងប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ។ ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងការនាំចូល និងការនាំចេញ និងការកើនឡើងនូវការវិនិយោគនៅក្នុងវិស័យកម្មន្តសាលផ្សេងៗ ទាមទារឱ្យមានបណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនតួនាទីរបស់កម្ពុជាជាមជ្ឈមណ្ឌលប្រមូលផ្តុំផលិតកម្ម និងការនាំចេញ។ ជាពិសេស ការកើនឡើងនៃសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងក្នុងប្រទេសកម្ពុជា និងតំបន់ បង្កើននូវតម្រូវការនៃមជ្ឍមណ្ឌលឬឃ្លាំងវេចខ្ចប់ និងបញ្ជូនទំនិញដើម្បីឆ្លើយតបនឹងការបញ្ជាទិញតាមថ្នាលអេឡិចត្រូនិក, សេវាដឹកជញ្ជូនចុងក្រោយទៅកាន់អតិថិជន និងមធ្យោបាយភស្តុភារកម្មស្វ័យប្រវត្តិ។ ដើម្បីបង្កើនការតភ្ជាប់ កាត់បន្ថយចំណាយលើភស្តុភារកម្ម និងលើកកម្ពស់ប្រសិទ្ធភាពដឹកជញ្ជូនពហុមធ្យោបាយ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ - ២០៣៣ ដែលបង្ហាញពីកាលានុវត្តភាពវិនិយោគជាក់លាក់នៅក្នុងវិស័យនេះ។ ផែនការមេនេះផ្តោតលើការអភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក ខណៈរួមបញ្ចូលបច្ចេកវិទ្យាភស្តុភារកម្មឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់។ កត្តាទាំងនេះជួយឱ្យប្រទេសកម្ពុជាជាដៃគូដែលមានភាពប្រកួតប្រជែងខ្ពស់ក្នុងពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។