រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារត្រែបភ្នំពេញ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយក្រុមការងារ Harvard Growth Lab (HGL) នៃសាកលវិទ្យាល័យ Harvard ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) រៀបចំសិក្ខាសាលាស្តីពី “សន្ទស្សន៍ភាពស្មុគស្មាញនិងទំនើបនៃសេដ្ឋកិច្ច (Economic Complexity Index – ECI) និងលំហផលិតផល (Product Space)” ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរង គ.វ.ក. ដោយមានការចូលរួមពីលោក Abdi Zahul អ្នកស្រាវជ្រាវនៃ Harvard Growth Lab និងលោក លី បណ្ឌិត ទីប្រឹក្សាផ្នែកគោលនយោបាយសេដ្ឋកិច្ចនៃកម្មវិធី CAPRED ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីគ្រប់នាយកដ្ឋានចំណុះ គ.វ.ក.។
មានមតិក្នុងឱកាសនេះ ឯកឧត្តម លឹម វិសាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAPRED ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ CDC នាពេលកន្លងមក ក៏ដូចជាគាំទ្រការរៀបចំសិក្ខាសាលានេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះតំណាង Harvard Growth Lab ដែលបានចែករំលែកនូវវិធីសាស្ត្រវិភាគទិន្នន័យ ECI និង Product Space ដែលបង្កើតឡើងដោយ Harvard Growth Lab ផ្ទាល់ ដែលវិធីសាស្ត្រនេះនឹងចូលរួមចំណែកក្នុងការកំណត់នូវវិស័យ អនុវិស័យ ក៏ដូចជាផលិតផលជាក់លាក់ដែលជាសក្តានុពលសម្រាប់ទាក់ទាញការវិនិយោគមកកម្ពុជា នៅក្នុងដំណើរការនៃការរៀបចំយុទ្ធសាស្ត្រទាក់ទាញវិនិយោគចំគោលដៅ។
ជាចុងបញ្ចប់ ឯកឧត្តមបានសម្តែងនូវជំនឿជឿជាក់ថាថាសិក្ខាសាលានេះនឹងក្លាយជាគ្រឹះយ៉ាងរឹងមាំនៃកិច្ចសហប្រតិបត្តិការយូរអង្វែងរវាង ក.អ.ក និងរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAPRED និង Harvard Growth Lab។