ខេត្តស្វាយរៀង៖ នាថ្ងៃសៅរ៍ ៨កើត ខែភទ្របទ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបជុំពិសារអាហារសាមគ្គីនៃសមាគមសហគ្រាសវិនិយោគបរទេសនិងពិធីអបអរសាទរបុណ្យសែនព្រះខែ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ដែលរៀបចំឡើងក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល ចែករំលែកបទពិសោធន៍និងព័ត៌មានវិនិយោគថ្មីៗ ព្រមទាំងពង្រឹងទំនាក់ទំនងនិងសាមគ្គីភាពរវាងសហគ្រាសវិនិយោគនៅកម្ពុជា ជាពិសេស សហគ្រាសដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តស្វាយរៀង និងក្រុងបាវិត។
ក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់ថា ការរីកចម្រើននៃសហគមន៍វិនិយោគនៅខេត្តស្វាយរៀង និងក្រុងបាវិត នាពេលបច្ចុប្បន្ន បាននិងកំពុងប្រែក្លាយតំបន់នេះទៅជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជា ដែលជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការបង្កើនការនាំចេញ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់កម្ពុជា។ ការរីកចម្រើននេះគឺជាសក្ខីភាពនៃការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវកម្មវិធីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវគោលនយោបាយ វិធានការកែទម្រង់នានា ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការសម្រួលនីតិវិធីរដ្ឋបាល សំដៅកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគ។
ពិធីពិសារអាហារសាមគ្គីនេះក៏ជាឱកាសសម្រាប់រួមគ្នាអបអរសាទរពិធីបុណ្យសែនព្រះខែ (Mid-Autumn Festival) ដែលជាប្រពៃណីដ៏ល្អផូរផង់ តំណាងឱ្យការជួបជុំ ក្តីស្រឡាញ់ និងភាពសុខដុមរមនា។ ការជួបជុំក្នុងឱកាសនេះ បានរួមចំណែកពង្រឹងទំនាក់ទំនង និងសាមគ្គីភាពក្នុងសហគមន៍វិនិយោគ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅរួមគ្នាចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់សារជាថ្មីពីការបន្តផ្តល់កិច្ចសម្រួលដល់វិនិយោគិន តាមរយៈអភិក្រម ៣៖ កាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ និងកាត់បន្ថយរចនាសម្ព័ន្ធគ្រប់គ្រង និងប្រតិបត្តិការ ព្រមទាំងការធ្វើសាមញ្ញនីតិវិធីរដ្ឋបាល ការនាំចេញ-នាំចូល និងការសម្រួលពាណិជ្ជកម្ម តាមរយៈយន្តការច្រកចេញចូលតែមួយ។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដែលបានផ្តល់បរិយាកាសកក់ក្តៅជូនវិនិយោគិន។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការបានស្នើសុំឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការបីសំខាន់គឺ៖ ការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អដោយគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ
ជាទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានជូនពរដល់វិនិយោគិន និងដៃគូធុរកិច្ចទាំងអស់ សូមទទួលបានសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍ និងជោគជ័យកាន់តែធំធេងក្នុងការវិនិយោគ ព្រមទាំងសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងសហគមន៍វិនិយោគ នឹងកាន់តែរឹងមាំ និងរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍប្រទេសកម្ពុជា។