16-01-2026

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ដោយទទួលបានការសម្រចដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្តិ សំដៅអាចចាប់ផ្តើមសាកល្បងការអនុវត្តយន្តការច្រកចេញចូលតែមួយនៃគម្រោង III ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានជួបពិភាក្សាការងារជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីគោលគំនិត ក៏ដូចជាលក្ខណៈបច្ចេកទេសនៃការអនុវត្តគម្រោង III នេះ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ គំនិតផ្ដួចផ្តើមនៃគម្រោង III ត្រូវបានរៀបចំដោយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងជួយដល់ការធ្វើពិពិធកម្មទីផ្សារនាំចេញ និងការពង្រឹងការធ្វើសមាហរ័ណកម្មទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយប្រទេសចិន តាមរយៈការចាប់យកឧស្សាហកម្មបន្លាស់ទី និងកន្សោមឧស្សាហកម្មលើវិស័យអាទិភាពចំនួន៣រួមមាន៖ វិស័យយានយន្ត, វិស័យអេឡិចត្រូនិក, និងវិស័យកសិ-ឧស្សាហកម្ម។