ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមីមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន HYPER HOPE NUTRITION (CAMBODIA) CO., LTD. ដែលដឹកនាំដោយលោក កុង ស៊ាង អ៊ី (GONG XIANG YU) ប្រធានក្រុមហ៊ុន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយក្រៃលែងដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន HYPER HOPE NUTRITION (CAMBODIA) CO., LTD. នាពេលនេះ។ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានមានការជឿជាក់លើរាជរដ្ឋាភិបាលសម្រេចចិត្តបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជាតាំងពីឆ្នាំ២០២៣ ហើយមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការផលិតកម្មដោយរលូន និងទទួលជោគជ័យក្នុងសកម្មភាពធុរកិច្ចនៅកម្ពុជា។
លោក កុង ស៊ាង អ៊ី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារ និងបានជម្រាបជូនថា ដោយមើលឃើញពីភាពល្អប្រសើរនៃបរិស្ថានវិនិយោគនៅកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងគាំទ្រសកម្មភាពធុរកិច្ច ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគរបស់ខ្លួនតាមរយៈការបង្កើតរោងចក្រកែច្នៃសណ្តែកសៀង និងចម្រាញ់ប្រេងពីសណ្តែកសៀង។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា គម្រោងពង្រីកការវិនិយោគនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាទាំងដោយផ្ទាល់ និងដោយប្រយោល ព្រមទាំងអាចរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ និងកែច្នៃវត្ថុធាតុដើមកសិកម្មក្នុងស្រុក។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរក្នុងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេស សណ្តែកសៀង ឱ្យបានជាអតិបរមាដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងចូលរួមជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការ ក៏បានស្នើឱ្យក្រុមហ៊ុនសិក្សាពីសក្តានុពលនៃខេត្តដែលមានលទ្ធភាពដាំដុះសណ្តែកសៀង ដូចជា ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ ដើម្បីជំរុញការចូលរួមរបស់ប្រជាកសិករកម្ពុជា និងបង្កើតប្រភពផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកសម្រាប់រោងចក្ររបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពចូលរួមជាមួយប្រជាកសិករ តាមរយៈការផ្តល់ពូជសណ្តែកសៀង ការផ្ទេរបច្ចេកទេស និងចំណេះដឹងពាក់ព័ន្ធនឹងការដាំដុះ ព្រមទាំងការរៀបចំយន្តការទិញប្រមូលផលពីកសិករក្នុងស្រុក ដើម្បីរួមគ្នាបង្កើតប្រភពផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាព។