28-05-2026

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Yura Harness Cambodia ដឹកនាំដោយលោក DooYeun Lee អគ្គនាយកក្រុមហ៊ុន។ ក្រុមហ៊ុន Yura Harness Cambodia ជាក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ បានមកបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជាតាំងពីឆ្នាំ២០២២ ហើយបច្ចុប្បន្នមានកម្មករនិយោជិតសរុបចំនួន ១.១០០នាក់។
ក្នុងជំនួបពិភាក្សាការងារនេះ លោក DooYeun Lee បានរាយការណ៍អំពីវឌ្ឍនភាពនៃសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ និងបានជម្រាបជូនអំពីផែនការនៃការពង្រីកការវិនិយោគ ទន្ទឹមនឹងតម្រូវការជ្រើសរើសកម្មករបន្ថែម និងតម្រូវការវត្ថុធាតុដើមក្នុងស្រុក។ លោកក៏បានជម្រាបជូនអំពីការគិគគូរបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជា។ ក្នុងរយៈពេលដែលបម្រើការងារនៅកម្ពុជាក្នុងឧស្សាហកម្មយានយន្តប៉ុន្មានឆ្នាំកន្លងមកនេះ លោក DooYeun Lee បានកត់សម្គាល់ឃើញថាកម្ពុជាមានឧត្តមភាពខ្ពស់សម្រាប់ការវិនិយោគផលិតគ្រឿងបន្លាស់រថយន្ត។ បន្ថែមលើនេះ លោកបានចែករំលែកនូវទស្សនៈមួយចំនួនសំដៅចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។
ឯកឧត្តមអគ្គលេខាធិការបានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូក្រុមហ៊ុន Yura Harness Cambodia ។ ឯកឧត្តមបានថ្លែងអំណរគុណដែលក្រុមហ៊ុនបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននាពេលកន្លងមក ហើយក៏បានសម្តែងនូវការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគ ក៏ដូចជាគម្រោងបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបន្តដាក់ចេញនូវវិធានការគាំទ្រនានាដល់ផ្នែកឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន។