10-12-2025

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Guangzhou Tiandi Forestry Co., Ltd មកពីខេត្តក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។ បន្ថែមលើការលើកឡើងអំពីបរិយាកាសវិនិយោគនិងធុរកិច្ចជារួមនៅកម្ពុជា ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនពីកំណើននៃការវិនិយោគ និងការធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈវត្តមាននៃគម្រោងវិនិយោគក្នុងវិស័យយានយន្ត អេឡិចត្រូនិក គ្រឿងសង្ហារិម។ល។
លោកប្រធានគណៈប្រតិភូបានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារ ព្រមទាំងបានអត្ថាធិប្បាយលម្អិតអំពីស្ថានភាពវិនិយោគនៅកម្ពុជា។ លោកបានមានការកត់សម្គាល់ឃើញថា កម្ពុជាពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ គោលបំណងនៃទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងឧស្សាហកម្មឈើដាំដោយគ្រោងនឹងវិនិយោគតាំងពីដើមទីដល់ចុងទី មានន័យថាចាប់តាំងពីការបណ្តុះកូនឈើ រហូតដល់ការកែច្នៃជាផលិតផលតែម្តង។ លោកបានបន្ថែមថា តាមការសិក្សារបស់លោក កម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្ពស់សម្រាប់ឧស្សាហកម្មឈើដាំដោយសារភាពអំណោយផលនៃអាកាសធាតុ សណ្ឋានដី ទឹក និងមានផ្ទៃដីនៅសល់សម្រាប់ការដាំឈើ។
ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រោះបច្ចុប្បន្នកម្ពុជាបាននាំចូលវត្ថុធាតុដើមជាឈើពីក្រៅប្រទេសសម្រាប់យកមកកែច្នៃជាគ្រឿងសង្ហារិម ហើយម្យ៉ាងទៀតយោងតាមច្បាប់វិនិយោគ និងបទដ្ឋានគតិយុត្តិផ្សេងៗ គម្រោងប្រភេទនេះទទួលបានការលើកទឹកចិត្ត។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគក្នុងវិស័យដែលកំពុងមានសក្តានុពលនេះដើម្បីអាចឈានទៅទទួលបាននូវផលចំណេញទាំងអស់គ្នានាពេលខាងមុខដ៏ខ្លី។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំទទួលពាក្យសុំចុះបញ្ជីគម្រោងវិនិយោគពីសំណាក់ក្រុមហ៊ុនដោយក្តីរីករាយបំផុត។