13-07-2026

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមីមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Lion Corporation ដឹកនាំដោយលោក Takenobu Yamamoto នាយកផ្នែកធុរកិច្ចអន្តរជាតិ។ Lion Corporation គឺជាក្រុមហ៊ុនជប៉ុនដ៏ធំមួយដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៩១ ផលិតសាប៊ូកក់សក់ សាប៊ូបោកខោអាវ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ និងផលិតផលថែរក្សាសម្ផស្សនិងអនាម័យផ្សេងៗទៀត។
ដោយមើលឃើញពីសក្តានុពល និងបរិស្ថានវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ក្រុមហ៊ុន Lion Corporation មានបំណងធ្វើការសិក្សាលម្អិតដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា។ បច្ចុប្បន្ន នៅអាស៊ាន ក្រុមហ៊ុនមានមូលដ្ឋានផលិតកម្មនៅប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវក្តីរីករាយក្រៃលែង និងថ្លែងអំណរគុណដល់គណៈប្រតិភូក្រុមហ៊ុនដែលបានសម្លឹងឃើញកម្ពុជាជាគោលដៅសម្រាប់ពង្រីកការវិនិយោគរបស់ខ្លួន។ ឯកឧត្តមអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបន្តដាក់ចេញនូវវិធានការគាំទ្រនានាដល់ផ្នែកឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តឱ្យបានឆាប់ក្នុងការវិនិយោគនៅកម្ពុជា ដោយត្រូវស្វែងរកទីតាំងសមស្របណាមួយ ជាពិសេស សូមពិចារណាទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។