ខេត្តស្វាយរៀង៖ នាថ្ងៃអាទិត្យ ៩កើត ខែភទ្របទ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាចំនួន ១ខ្នង នៅសាលាបឋមសិក្សាតានូ ស្ថិតនៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
គួររំលឹកផងដែរថា កាលពីពិធីពិសារអាហារសាមគ្គីដែលរៀបចំឡើងដោយសមាគមសហគ្រាសវិនិយោគបរទេស កាលពីដើមឆ្នាំ២០២៦ ឯកឧត្តមអគ្គលេខាធិការបានផ្តួចផ្តើមកៀរគរថវិកាពីសប្បុរសជននានា ជាពិសេស ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង ដើម្បីរួមគ្នាលើកកម្ពស់ការសិក្សានៅមូលដ្ឋានខេត្តស្វាយរៀងនេះផ្ទាល់ សំដៅចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ថ្ងៃនេះ គំនិតផ្តួចផ្តើមបានលេចចេញជាសមិទ្ធផលជាក់ស្តែង តាមរយៈការចាប់ផ្តើមសាងសង់អគារសិក្សាថ្មីមួយខ្នង។
ការវិនិយោគលើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស គឺជាការវិនិយោគដ៏មានសារៈសំខាន់សម្រាប់អនាគតរបស់កម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់ខេត្តស្វាយរៀង ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យឧស្សាហកម្ម និងការវិនិយោគ។ ការកើនឡើងនៃសកម្មភាពផលិតកម្ម និងការពង្រីកតំបន់សេដ្ឋកិច្ចពិសេស បាននិងកំពុងបង្កើតឱកាសការងារកាន់តែច្រើន ព្រមជាមួយនឹងតម្រូវការកម្លាំងពលកម្មដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពបច្ចេកទេសកាន់តែខ្ពស់ ទាំងសម្រាប់តម្រូវការនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ ដូច្នេះ ការចូលរួមរបស់វិស័យឯកជន និងសប្បុរសជនក្នុងការអភិវឌ្ឍវិស័យអប់រំ មិនត្រឹមតែជាការចូលរួមចំណែកដល់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើនផលិតភាពរបស់កម្ពុជានាពេលអនាគតផងដែរ។ ជាមួយគ្នានេះ ការរួមចំណែករបស់ក្រុមហ៊ុនវិនិយោគ និងវិស័យឯកជនក្នុងការអភិវឌ្ឍសហគមន៍នៅតំបន់ដែលខ្លួនធ្វើប្រតិបត្តិការ ក៏បង្ហាញពីការចូលរួមអនុវត្តទំនួលខុសត្រូវសង្គមរបស់វិស័យឯកជន និងការកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការរួមគ្នាលើកកម្ពស់សុខុមាលភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។