ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Bakuramutsa NKUBITO MANZI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើនភាពធន់ និងទាក់ទាញរំហូរវិនិយោគប្រកបដោយគុណភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោរបស់រ៉្វាន់ដាក្នុងការធ្វើពិពិធកម្ម និងបំប្លែងទម្រង់សេដ្ឋកិច្ច ការជំរុញការវិនិយោគ ព្រមទាំងការអភិវឌ្ឍវិស័យឯកជន ដើម្បីជាមូលដ្ឋានក្នុងការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ល្អៗទៅវិញទៅមក។
ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង Rwanda Development Board – RDB ដើម្បីបង្កើតជាក្របខ័ណ្ឌគតិយុត្តរួមមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការទាក់ទាញការវិនិយោគ ការសម្របសម្រួលធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ជាចុងបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីមិត្តភាព ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក សំដៅប្រែក្លាយគំនិតផ្តួចផ្តើមនានាឱ្យទៅជាសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។