15-12-2025

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមការងារ BCT ក្នុងគោលបំណង (១) ណែនាំខ្លួន និងរឹតចំណងមិត្តភាពរវាងសមាជិកក្រុមការងារ (២) ពិភាក្សាអំពីយន្តការទំនាក់ទំនង និងទិសដៅចំពោះមុខរបស់ BCT និង (៣) ត្រៀមលក្ខណៈសម្រាប់វគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅក្នុងខែមករា ឆ្នាំ២០២៦ ខាងមុខ។
ក្នុងមតិស្វាគមន៍បើកកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណជូនចំពោះតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមកិច្ចប្រជុំ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងរយៈពេលកន្លងមក ហើយភាពជោគជ័យទាំងនោះបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតរវាងតួអង្គពាក់ព័ន្ធ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនអង្គប្រជុំអំពីសារៈសំខាន់នៃការងារទាក់ទាញ និងថែទាំវិនិយោគ ដែលជាការងារមានលក្ខណៈអន្តវិស័យទាមទារឱ្យមានការចូលរួមពីក្រសួង ស្ថាប័នពាក់ពន្ធ័។ មុននឹងបញ្ចប់ ឯកឧត្តមបានផ្ដល់អនុសាសន៍ជូនក្រុមការងារ BCT ធ្វើការសហការជិតស្និទ្ធតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងប្តេជ្ញាចិត្តខ្ពស់ថែមទៀតដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពកនុងការរក្សាបាននូវវិនិយោគិនជប៉ុនដែលមានស្រាប់ និងទាក់ទាញបន្ថែមនូវវិនិយោគិនថ្មីទាំងបរិមាណ និងគុណភាព។ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ កម្ពុជាត្រូវតែបន្តខិតខំធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការធ្វើពិពិធកម្មប្រភពទុនវិនិយោគ ក៏ដូជាការធ្វើពិពិធកម្មឧស្សាហកម្ម បូករួមទាំងការខិតខំជំរុញលើកទឹកចិត្តឱ្យមានការផលិត/កែច្នៃវត្ថុធាតុដើមក្នុងស្រុកឱ្យបានជាអតិបរមា ហើយជាពិសេសការកែច្នៃកសិផល។
សូមជម្រាបជូនផងដែរថា ក្រុមការងារ BCT ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាគាំទ្រ និងសេវាថែទាំជូនវិនិយោគិនជប៉ុន ដោយអនុលោមតាមស្មារតីនៃកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុនដែលបានប្រកាសដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Shigeru Ishiba អតីតនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។