22-10-2026

រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានជួបពិភាក្សាការងារជាមួយ លោក Cao Wen អគ្គនាយករងនៃនាយកដ្ឋានវិនិយោគក្រៅប្រទេស និងសហប្រតិបត្តិការសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។ ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋនៃសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ក្នុងឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លែផ្កាជាច្រើនដែលកើតចេញពីការអនុវត្តប្រកបដោយជោគជ័យនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅឈានទៅសម្រេចបាននូវកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់, និងស្តង់ដាខ្ពស់។ ជាមួយគ្នានេះ ភាគីទាំងពីរបានសម្តែងនូវសេចក្តីពេញចិត្តទាក់ទិននឹងកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងតួនាទីដ៏សំខាន់របស់វិនិយោគិនចិន ដែលបន្តឈរជើងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជា។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បីបើកច្រកទីផ្សារឱ្យកាន់តែទូលំទូលាយ និងបង្កើតកាលានុវត្តភាពធុរកិច្ចថ្មីៗ សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។
បន្ថែមលើនេះ ភាគីទាំងពីរក៏បានកត់សម្គាល់ដោយក្តីរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការថែទាំវិនិយោគិន ព្រមទាំងបានឯកភាពបន្តពង្រឹងយន្តការពិគ្រោះយោបល់ទៀងទាត់តាមរយៈថ្នាលសំខាន់ៗ មានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន, កិច្ចប្រជុំក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន, និងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។