ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមីមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Zhou Jiesheng (ចូវ ជាសឹង) នាយកប្រតិបត្តិក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd.។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុ ណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក. (Kampu Nuts Agro Product Co., Ltd.) ស្ថិតនៅខេត្តកំពង់ធំ ដែលបានសម្របសម្រួលឱ្យមានកិច្ចប្រជុំនេះឡើង ហើយឯកឧត្តមអគ្គលេខាធិការក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd. ដែលបានចំណាយពេលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មស្វាយចន្ទី។ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដោយផ្តល់នូវការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តពិសេស លើសពីច្បាប់វិនិយោគ។ បន្ថែមលើនេះ ក្រៅពីវិស័យស្វាយចន្ទី ឯកឧត្តមអគ្គលេខាធិការក៏បានស្នើឱ្យក្រុមហ៊ុនគិតគូរវិនិយោគកែច្នៃកសិផលផ្សេងទៀតដែលមានសក្តានុពលខ្ពស់ ដូចជា ដំទ្បូងមី ស្រូវអង្ករ និងកៅស៊ូ ជាដើមដែលក្រុមហ៊ុនអាចធ្វើការកែច្នៃដើម្បីទាញយកផលចំណេញជាអតិបរិមា។
លោក Zhou Jiesheng បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលទទួលជួបគណៈប្រតិភូក្រុមហ៊ុន និងបានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីសាវតាក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដូចជាស្វាយចន្ទី គ្រាប់អាល់ម៉ុន គ្រាប់រីករាយ (Pistachio nut) ។ល។ នៅក្នុងទីផ្សារប្រទេសចិនប្រមាណ៤០ឆ្នាំ ដោយមានផលរបរប្រចាំឆ្នាំប្រមាណ៤ប៊ីលានដុល្លារអាម៉េរិក/ឆ្នាំ។ ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគមកកម្ពុជាដោយបណ្តាក់ទុនវិនិយោគក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទន្ទឹមនេះ ក្រុមហ៊ុនក៏មានបំណងទាក់ទាញក្រុមហ៊ុនផលិតម៉ាស៊ីនកែច្នៃស្វាយចន្ទីរបស់ចិន មកសិក្សាធ្វើការដំឡើងនៅកម្ពុជាដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃនៅក្នុងស្រុកផងដែរ។ លោកបានបន្ថែមថា ក្រៅពីការសំទ្បឹងឃើញពីសក្តានុពលនៃវិស័យស្វាយចន្ទី លោកក៏មានបំណងនាំចូលគ្រាប់ផ្លែរីករាយពីសហរដ្ឋអាម៉េរិកមកកែច្នៃនៅកម្ពុជាដើម្បីនាំចេញទៅកាន់ទីផ្សារអាម៉េរិកផងដែរ។ លោកសង្ឃឹមថាតាមរយៈជំនួបលើកនេះ ក្រុមហ៊ុននឹងមានព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលឆាប់ៗខាងមុខ។
នៅចុងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ពីការត្រៀមខ្លួនរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនក្នុងដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។