ការណែនាំជាជំហាន
១
ការយល់ដឹងអំពីច្បាប់ និងនីតិវិធីពាក់ព័ន្ធ
វិនិយោគិនត្រូវយល់ដឹងអំពីច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនានាៗរបស់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ វិនិយោគិនគួរពិចារណាលើការរៀបចំ ផែនការអាជីវកម្ម ជ្រើសរើសបុគ្គលិក ស្វែងរកប្រភពធនធានហិរញ្ញវត្ថុ និងលទ្ធកម្មអចលនទ្រព្យ ។ សម្រាប់ព័ត៌មានលម្អិត និងការណែនាំបន្ថែម សូមស្វែងរកព័ត៌មានក្នុងសៀវភៅស្តីពីការវិនិយោគនៅកម្ពុជា។
២
ការចុះបញ្ជីគម្រោងវិនិយោគ
វិនិយោគិនត្រូវរៀបចំឯកសារដោយស្របតាមឯកសារពាក់ព័ន្ធដែលមាននៅលើគេហទំព័ររបស់ ក.អ.ក. និងធ្វើការដាក់ពាក្យស្នើសុំតាមរយៈច្រកចេញ-ចូលតែមួយនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) ដើម្បីទទួលបានការលើកទឹកចិត្ត ព្រមទាំងការធានា និងការការពារដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ការដាក់ពាក្យស្នើចុះបញ្ជីគម្រោងវិនិយោគក៏អាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន https://ipm.cdc.gov.kh។ បន្ទាប់ពីវិនិយោគិនបានបំពេញឯកសារគ្រប់គ្រាន់ និងពុំស្ថិតក្នុងបញ្ជីអវិជ្ជមានដែលនឹងត្រូវកំណត់ដោយឡែកក្នុងអនុក្រឹត្យ ក.អ.ក. ឬ អ.គ.វ.រ.ខ. នឹងចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងរយៈពេល ២០ថ្ងៃនៃថ្ងៃធ្វើការ។
៣
កញ្ចប់លើកទឹកចិត្ត
រាជរដ្ឋាភិបាលកម្ពុជាផ្តល់កញ្ចប់លើកទឹកចិត្តឆ្លាត វៃដល់វិនិយោគិនដើម្បីជំរុញការវិវត្តរបស់វិស័យឯកជនឱ្យកាន់តែរីកលូតលាស់ស្រស់បំព្រងសំដៅ រួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើល ការលើកទឹកចិត្តវិនិយោគ។
៤
ទិដ្ឋាការ និងអន្ដោប្រវេសន៍
យោងមាត្រាទី២២ នៃច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុម័តនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ត្រូវចេញលិខិតបញ្ជាក់អំពីឋានៈជាវិនិយោគិនជូនបុគ្គលពាក់ព័ន្ធនឹងគម្រោងវិនិយោគទៅតាមការស្នើសុំរបស់វិនិយោគិន ដើម្បីប្រើប្រាស់សម្រាប់ការស្នើសុំអនុញ្ញាតស្នាក់នៅបណ្ដោះអាសន្នរយៈពេលវែង បណ្ណការងារនិងសៀវភៅការងារ និងគោលបំណងចាំបាច់ដទៃទៀតស្របតាមនីតិវិធីជាធរមាន។ នីតិវិធីសម្រាប់ការស្នើសុំបណ្ណការងារនិងសៀវភៅការងារ ដូចមានចែងក្នុងមាត្រានេះត្រូវកំណត់នៅក្នុងប្រកាសរួមរវាង ក.អ.ក. និងក្រសួងទទួលបន្ទុកវិស័យការងារ។ បែបបទនិងនីតិវិធីពិសេសសម្រាប់ការស្នើសុំការអនុញ្ញាតស្នាក់ នៅបណ្ដោះអាសន្នរយៈពេលវែងដូចមានចែងក្នុងមាត្រានេះត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។
៥
សេវាកម្មតាមរយៈប្រព័ន្ធអនឡាញផ្សេងទៀត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្តល់នូវមធ្យោបាយនវា-នុវត្តន៍សម្រាប់កិច្ចសម្រួលវិនិយោគដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញដំណើរការអនុម័តគម្រោងវិនិយោគមានលក្ខណសម្បត្តិ គ្រប់គ្រាន់តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។ ជាមួយគ្នានេះ វិនិយោគិនអាចស្នើសុំការនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋសម្រាប់នាំចូលសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្ម និងឬធាតុចូលផលិតកម្មដើម្បីបម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនតាមរយៈ ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window)។ បន្ថែមពីនេះ វិនិយោគិនក៏អាចស្វែងរកអ្នកផ្គត់ផ្គង់ធាតុចូលផលិតកម្មផងដែរដោយចូលទៅកាន់ ប្រព័ន្ធទិន្នន័យស្ដីពីសន្ធានកម្មខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព (SD2) ។