រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសិក្សាពីតម្រូវការចាំបាច់ដើម្បីត្រៀមអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមួយធនាគារពិភពលោក និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារ និងធ្វើការសិក្សាពីតម្រូវការចាំបាច់របស់វិស័យជាក់លាក់នីមួយៗក្នុងការត្រៀមអនុវត្តកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ។
មានមតិក្នុងសុន្ទរកថាបើក ឯកឧត្តមអគ្គលេខាធិការរងបានគូសរំលេចអំពីសាវតារនៃដំណើរការចរចាកិច្ចព្រមព្រៀងខាងលើដែលត្រូវបានបញ្ចប់ការពិនិត្យផ្នែកច្បាប់កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបានប្រកាសជាផ្លូវការនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ របស់អង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុង Abu Dhabi កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមបានជម្រាបជូនអង្គសិក្ខាសាលាឱ្យបានជ្រាបផងដែរថា បច្ចុប្បន្នមានសមាជិកអង្គការពាណិជ្ជកម្មពិភពលោកចំនួន១២៨ បានចូលរួមគាំទ្រយ៉ាងសកម្ម ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃច្បាប់ពាណិជ្ជកម្មសកល សំដៅជំរុញផលប្រយោជន៍ដល់ការអភិវឌ្ឍជារួម។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ការសិក្សាពីតម្រូវការចាំបាច់នៅពេលនេះគឺជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការត្រួតពិនិត្យអនុលោមភាព និងបច្ចុប្បន្នភាពនៃប្រតិបត្តិការផ្តល់កិច្ចសម្រួលវិនិយោគធៀបនឹងស្តង់ដាអន្តរជាតិ។ ការវាយតម្លៃនេះនឹងអនុញ្ញាតឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធកំណត់បាននូវអាទិភាពការងារដែលអាចអនុវត្តបានភ្លាមៗ និងតម្រូវការជំនួយបច្ចេកទេស ឬការកសាងសមត្ថភាពបន្ថែមពីដៃគូអភិវឌ្ឍន៍ ដើម្បីបំពេញចន្លោះខ្វះខាតនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាទីបញ្ចប់ ឯកឧត្តមបានគូសបញ្ជាក់ថា ការសម្របសម្រួលវិនិយោគមិនមែនត្រឹមតែជាការបង្កើនតួលេខរំហូរទុនវិនិយោគផ្ទាល់ពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្កើតកាលានុវត្តភាពសេដ្ឋកិច្ចពិតប្រាកដ តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, និងការផ្ទេរបច្ចេកវិទ្យាទំនើប ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។
សូមជម្រាបជូនផងដែរថា បេសកកម្មសិក្សាពីតម្រូវការចាំបាច់របស់ព្រះរាជាណាចក្រកម្ពុជាដើម្បីត្រៀមអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៦ ដោយក្នុងនោះរួមមានសកម្មភាពនៃការរៀបចំសិក្ខាសាលា និងជំនួបទ្វេភាគីជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។