ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមសហគ្រិនសកលមួយភាគរយ ដែលដឹកនាំដោយ ឯកឧត្តម យីង សារ៉ាត់ ប្រធានក្រុមប្រឹក្សាភិបាលសមាគម ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ, លើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា, ព្រមទាំងផ្លាស់ប្តូរព័ត៌មានជុំវិញកាលានុវត្តភាពធុរកិច្ចថ្មីៗ សំដៅទាក់ទាញវិនិយោគិនដែលមានសក្តានុពលឱ្យមកបណ្តាក់ទុននៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានគូសរំលេចអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកែលម្អបរិយាកាសធុរកិច្ច តាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ, ការថែទាំវិនិយោគ, យន្តការលើកទឹកចិត្តផ្នែកសារពើពន្ធ, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង-ទន់ ដើម្បីធានាឱ្យបាននូវការវិនិយោគប្រកបដោយគុណភាព, ចីរភាព, និងបរិយាបន្ន។
ជាការឆ្លើយតប ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលសមាគមបានថ្លែងអំណរគុណចំពោះកិច្ចពិគ្រោះយោបល់យ៉ាងលម្អិត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពាំនាំព័ត៌មានវិជ្ជមានពាក់ព័ន្ធនឹងកម្ពុជាទៅផ្សព្វផ្សាយជូនសហគមន៍ធុរកិច្ចអន្តរជាតិ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀត។