ខេត្តស្វាយរៀង៖ នាថ្ងៃអាទិត្យ ៩កើត ខែភទ្របទ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមពិធីដាំកូនឈើចំនួន ២.២០០ដើម និងចែកកូនឈើចំនួន ១៦.០០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ ស្ថិតនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្រោមប្រធានបទ “រួមគ្នាដាំដើមឈើ បង្កើនគម្របបៃតង លើកកម្ពស់បរិស្ថាន និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសប្រកបដោយចីរភាព រួមចំណែកកាត់បន្ថយធូលី ផ្សែង និងកម្តៅនៅក្នុងតំបន់ឧស្សាហកម្ម បង្កើតបរិយាកាសការងារ និងបរិស្ថានល្អ”។
មានមតិក្នុងឱកាសនេះ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានថ្លែអំណរគុណដល់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងក្រសួងបរិស្ថានដែលបានផ្តួចផ្តើមរៀបចំពិធីដ៏មានសារៈសំខាន់នេះឡើងដោយសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង ក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ។
ការដាំ និងចែកកូនឈើនេះ គឺជាសកម្មភាពជាក់ស្តែងមួយក្នុងការរួមគ្នាបង្កើនគម្របបៃតងនៅតំបន់ឧស្សាហកម្ម ស្របពេលដែលខេត្តស្វាយរៀងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃសកម្មភាពឧស្សាហកម្ម និងការវិនិយោគ។ ទន្ទឹមនេះ ការចែកកូនឈើចំនួន ១៦.០០០ដើម ជូនដល់រដ្ឋបាលក្រុង ស្រុកនៃខេត្តស្វាយរៀង គឺជាការជំរុញឱ្យការដាំដើមឈើមិនកំណត់ត្រឹមតំបន់សេដ្ឋកិច្ចពិសេសប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកទៅដល់សហគមន៍ និងទីតាំងផ្សេងៗ ដើម្បីបំផុសចលនារួមគ្នាថែរក្សាបរិស្ថាន និងបង្កើនគម្របបៃតងនៅមូលដ្ឋាន។ សកម្មភាពនេះក៏បង្ហាញពីការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍឧស្សាហកម្ម និងការការពារបរិស្ថាន ដោយឆ្លើយតបទៅនឹងគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការបង្កើតបរិយាកាសវិនិយោគ និងផលិតកម្មដែលមានភាពប្រកួតប្រជែង ព្រមជាមួយការយកចិត្តទុកដាក់លើបរិស្ថាន និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ជាការកត់សម្គាល់ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ បានបណ្តាក់ទុនវិនិយោគចំនួន ៥១លានដុល្លារអាម៉េរិក នៅកម្ពុជាតាំងពីឆ្នាំ២០១៧។ ហើយបច្ចុប្បន្ន មានរោងចក្រនៅក្នុងតំបន់ចំនួន ៣៥ ក្នុងទំហំទុនវិនិយោគប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក និងកម្មករនិយោជិតកំពុងបម្រើការងារប្រមាណជាង ២ម៉ឺននាក់។ មុខសញ្ញាវិនិយោគសំខាន់ៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះគឺកម្មន្ដសាលសំបកកង់យានយន្ដ និងកម្មន្ដសាលដំឡើងកង់។