22-08-2026

នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដើម្បីប្រមូលធាតុចូល និងផ្ទៀងផ្ទាត់ទិន្នន័យជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅធ្វើឱ្យឯកសារនេះ កាន់តែមានភាពល្អប្រសើរ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការ G-PSF, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ៩០រូប។