ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ រសៀលថ្ងៃចន្ទ ១៤កេីត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី២ នៅក្នុងឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ រួមមាន៖ ១/. គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ២/. គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន អម្រឹតា ឌីវេឡុបម៉ិន ឯ.ក។
គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថល និងផ្តោតលើការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម ចំណីអាហារ ការវេចខ្ចប់ និង R&D។