10-02-2026

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៧គម្រោង រួមមាន៖ ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក បរិក្ខារអគ្គិសនីនិងបរិក្ខារអគ្គិសនីបំភ្លឺ, ផលិតប្រដាប់ព្យួរសម្លៀកបំពាក់, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ (បុណ្យណូអែលនិងបុណ្យ Halloween) និងវត្ថុអនុស្សាវរីយ៍, ជ្រលក់ពណ៌, ផ្គុំដំឡើងម៉ូតូ, ផលិតក្តារបន្ទះ និងផលិតក្រដាស, វិស័យទេសចរណ៍ចំនួន១គម្រោង៖ សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១.៣៤១បន្ទប់, និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ បង្កើតកសិដ្ឋានបណ្តុះមេផ្សិតនិងផ្សិតគ្រប់ប្រភេទ និងវេចខ្ចប់កសិផល (ផ្សិត)។
គម្រោងវិនិយោគទាំង៩ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឹ កំពង់ឆ្នាំង និងស្វាយរៀង។