ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដឹកនាំសហការី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដែលដឹកនាំដោយលោក Park Janghwan អគ្គនាយកក្រុមហ៊ុន NEO Battery Materials Korea Ltd. ក្នុងគោលបំណងស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ ក្នុងការអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា។
មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ពីគោលនយោបាយបើកចំហរបស់កម្ពុជា ក្នុងការស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស តាមរយៈកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញ កិច្ចសម្រួលវិនិយោគ និងការថែទាំវិនិយោគក្រោមច្បាប់ស្ដីពីវិនិយោគនៅកម្ពុជា។ ឯកឧត្តម ក៏បានជម្រាបជូនអំពីការគាំទ្រតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលអាចផ្តល់ហិរញ្ញប្បទានគាំទ្ររហូតដល់ ៥០% លើថ្លៃចំណាយនៃការបណ្តុះបណ្តាល។
ជាកិច្ចបញ្ចប់ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាលម្អិតជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចដើម្បីស្វែងយល់លម្អិតអំពីច្បាប់ បទប្បញ្ញត្តិ និងតម្រូវការជាក់ស្តែងលើគម្រោងនេះ ព្រមទាំង សហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសក្នុងស្រុក ដើម្បីរៀបចំកម្មវិធីសិក្សា និងបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញបច្ចេកវិទ្យានេះ។