ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជួបជុំជាមួយនឹងវិនិយោគិនក្នុងវិស័យកសិឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍នានា ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគក្រោម «ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» ក្រោមកិច្ចសហការរៀបចំដោយ ក.អ.ក. រួមជាមួយ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
«ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» បានទទួលការអនុម័តដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ ក្របខ័ណ្ឌនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពន្លឿនការអភិវឌ្ឍឧស្សាហូបនីយកម្មកសិឧស្សាហកម្ម តាមរយៈការកំណត់គំរូអាជីវកម្ម៖ «វិស័យឯកជនជាអ្នកអនុវត្ត ដោយមានការគាំទ្រពីផ្នែករដ្ឋ» សំដៅទាក់ទាញការវិនិយោគប្រកប ដោយគុណភាព បង្កើតឱកាសការងារ បង្កើនការកែច្នៃបន្ថែមតម្លៃ និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងការនាំចេញ។
ក្នុងកម្មវិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ពីទិដ្ឋភាពទូទៅនៃ ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្ម ដោយបានរំលេចនូវគោលបំណងនៃគោលនយោបាយ លក្ខខណ្ឌតម្រូវសម្រាប់គម្រោង ព្រមទាំងកញ្ចប់លើកទឹកចិត្តបន្ថែម ដែលលើសពីការលើកទឹកចិត្តទូទៅសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ឬហៅថា QIP Plus។ កញ្ចប់លើកទឹកចិត្ត និងវិធានការសម្របសម្រួលពិសេសទាំងនោះ ត្រូវបានរៀបចំឡើងដោយចំពោះ ដើម្បីទាក់ទាញការវិនិយោគលើការបង្កើតសួនឧស្សហកម្មកសិឧស្សាហកម្ម ប្រកបដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពប្រកួតប្រជែងនិងទាក់ទាញការវិនិយោគ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់ ព្រមទាំងបង្កើតការងារ និងបង្កើនតម្លៃបន្ថែមក្នុងវិស័យកសិកម្ម។ ក្នុងនោះ ការរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្ម គឺជាការងារអាទិភាពមួយដែលស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មសេដ្ឋកិច្ចកសិកម្ម ពង្រឹងខ្សែច្រវាក់តម្លៃ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ទាក់ទាញការវិនិយោគពីវិស័យឯកជន។
សម្រាប់កម្ពុជា វិស័យកសិកម្មនៅតែជាកម្លាំងចលករសេដ្ឋកិច្ចយ៉ាងសំខាន់ ដោយបានផ្តល់ការងារជូនដល់បងប្អូនប្រជាពលរដ្ឋជាងមួយភាគបី នៃកម្លាំងពលកម្មសរុប និងរកប្រាក់ចំណូលពីការនាំចេញបានជាង ៣ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២៦។ ផ្អែកលើសក្ដានុពលនេះ ក.អ.ក. បានកំណត់យកឧស្សាហកម្មកែច្នៃកសិផល ជាវិស័យអាទិភាពខ្ពស់សម្រាប់ការវិនិយោគ ហើយវិស័យនេះក៏ជាសសរស្តម្ភដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងអូស្ត្រាលី និងកម្ពុជាផងដែរ។
សូមបញ្ជាក់ផងដែរថា ប្រទេសអូស្ត្រាលី បានគាំទ្រដល់ការរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនមកពីស្ថាប័នរដ្ឋ និងវិស័យឯកជន៕