30-06-2026

ខេត្តកំពង់ស្ពឺ ÷ នាព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក./គ.វ.ក.) បានដឹកនាំគណៈកម្មការអន្តរក្រសួង ស្ថាប័ន ចុះពិនិត្យស្ថានភាពជាក់ស្ដែង របស់គម្រោងវិនិយោគ ផលិតសំបកកង់យានយន្ត យ៉ាន់ គ្រឿងបង្គំយ៉ាន់ និងផ្គុំដំឡើងកង់រថយន្ត របស់ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. ដោយមានការចូលពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគ និងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗរបស់ក្រុមហ៊ុន។ សូមបញ្ជាក់ផងដែលថា ក្រុមហ៊ុនទទួលបានគោលការណ៍វិនិយោគ ពី ក.អ.ក./គ.វ.ក. កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ និងបច្ចុប្បន្នកំពុងដំណើរការផលិតកម្ម ដោយចូលរួមបង្កើតការងារបានប្រមាណជាង១០០កន្លែង។ បច្ចុប្បន្នក្នុងជំហានដំបូង ក្រុមហ៊ុនកំពុងដំណើរការផលិតសំបកកង់រថយន្ត (សំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺម៉កសណ្តោង) ដែលមានសមត្ថភាពផលិតប្រមាណ៦២.៥០០សំបក ក្នុងមួយខែ សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស ។