ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ដោយមានការចូលរួមពីក្រសួង ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសរុបប្រមាណ១៦០នាក់។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃនិងសមិទ្ធផលនៃការអនុវត្ត IDP ក្នុងរយៈពេល១០ឆ្នាំកន្លងមក និង
ផ្លាស់ប្តូរមតិយោបល់ និងអនុសាសន៍ពីតួអង្គពាក់ព័ន្ធ ដើម្បីតម្រង់ទិស និងអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ។
សូមជម្រាបថា របាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥ ត្រូវបានរៀបចំដោយលេខាធិការដ្ឋាន IDP នៃ ក.អ.ក. ជាមួយនឹងកិច្ចសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការផ្តល់ព័ត៌មាន និងធាតុចូល ហើយបានឆ្លងកាត់កិច្ចប្រជុំអន្តរក្រសួងជាបន្តបន្ទាប់ទាំងកម្រិតបច្ចេកទេស កម្រិតថ្នាក់ដឹកនាំ និងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ មុននឹងទទួលបានគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាលនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។