ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនមកពីសហរដ្ឋអាម៉េរិក ក្រោមការសម្របសម្រួលពី American Cambodia Business Chamber (ACBC) ដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ គោលនយោបាយលើកទឹកចិត្ត និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់អំពីបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល ស្ថិតក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបង្កើតនូវក្របខណ្ឌគតិយុត្តិបើកចំហស្ទើរគ្រប់វិស័យ រួមទាំងកញ្ចប់លើកទឹកចិត្តផ្នែកពន្ធ យន្ដការច្រកចេញ-ចូលតែមួយ ដែលជួយសម្រួលដល់ដំណើរការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាមានប្រសិត្ធភាពខ្ពស់។ បន្ថែមលើសនេះ ឯកឧត្តមក៏បានជម្រាបជូនអំពីកម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវ័ន្ត និងវិស័យសក្ដានុពលមានជាអាទិ៍៖ វិស័យភស្ដុភាកម្ម កសិ ឧស្សាហកម្ម យានយន្ដ និងអេឡិចត្រូនិក និងវិស័យថាមពលបៃតង ព្រមទាំងយន្តការថែទាំវិនិយោគដែលជួយបន្ធូរកង្វល់របស់វិនិយោគិន។
ជាការឆ្លើយតប គណៈប្រតិភូបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានទទួលជួប និងជម្រាបជូនអំពីព័ត៌មានលម្អិតជូនគណៈប្រតិភូនាឱកាសនេះ។ ភាគីមិត្តក៏បាន បង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងរហ័សនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពងាយស្រួលក្នុងការចូលមកបោះទុនក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។ ភាគីមិត្តក៏បានជម្រាបជូនអំពីលទ្ធភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធប្រចាំរដ្ឋ Virginia ដើម្បីរៀបចំបេសកកម្មពាណិជ្ជកម្មមកកាន់កម្ពុជាដោយផ្ទាល់ ព្រមទាំងកិច្ចសហការក្នុងការទាក់ទាញវិនិយោគិនអាម៉េរិកមកបណ្ដាក់ទុននៅកម្ពុជាឱ្យបានជាអតិបរមា។