ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Almasons Consutling, LLC និងក្រុមហ៊ុន Turning Point Retail Solutions។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីកាលានុវត្តភាពវិនិយោគ គោលនយោបាយលើកទឹកចិត្ត ព្រមទាំងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកឧស្សាហកម្មទំនើប បរិវត្តកម្មឌីជីថលនៅកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកែលម្អបរិយាកាសធុរកិច្ច តាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ, ការថែទាំវិនិយោគ, យន្តការលើកទឹកចិត្តផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ព្រមទាំងបានឆ្លើយតបទៅនឹងសំណួរជាក់លាក់របស់គណៈប្រតិភូ។
ជាការឆ្លើយតប គណៈប្រតិភូបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័សនៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានចំណាយពេលវេលាទទួលជួប និងចែករំលែកនូវអំពីព័ត៌មានសំខាន់ៗជាច្រើនអំពីបរិយាកាសវិនិយោគ ក៏ដូចកាលានុវត្តភាពថ្មីៗនៅកម្ពុជា។