ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Julien BERT នាយកប្រតិបត្តិនៃក្រុមហ៊ុន SCA ក្នុងឱកាសដែលលោកទើបត្រូវបានតែងតាំង។
ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក Julien BERT ចំពោះការតែងតាំងជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន SCA ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរយៈពេលជាងបីទសវត្សរ៍របស់ក្រុមហ៊ុននៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ និងលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា។
ជាការឆ្លើយតប លោក Julien BERT បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានផ្តល់កិត្តិយសទទួលជួបពិភាក្សាការងារ។ លោកក៏បានធ្វើបច្ចុប្បន្នភាពអំពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ព្រមទាំងបានចែករំលែកពីទិសដៅរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគទៅក្នុងវិស័យភស្តុភារកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
ឯកឧត្តមអគ្គលេខាធិការ បានសម្តែងការគាំទ្រចំពោះផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងប្រព័ន្ធភស្តុភារកម្ម សំដៅលើកកម្ពស់ការប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងពីវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលបានរួមចំណែកស្តារទំនុកចិត្ត និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងពង្រឹងបរិយាកាសវិនិយោគ និងធានាសុវត្ថិភាពជូនវិនិយោគិន និងភ្ញៀវទេសចរដែលអញ្ជើញមកកម្ពុជា៕