ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ JAPFA Group ដឹកនាំដោយលោក Mark Gerald Eman នាយកក្រុមហ៊ុន។
ក្រុមហ៊ុន JAPFA Group ជាក្រុមហ៊ុនកសិ-ចំណីអាហារ (agri-food) ឈានមុខមួយនៅអាស៊ីដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧១ នៅប្រទេសឥណ្ឌូនេស៊ី ហើយមានបទពិសោធន៍ប្រមាណ ៥៥ឆ្នាំ ក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលប្រូតេអ៊ីនសំខាន់ៗ និងអាហារវេចខ្ចប់។ បច្ចុប្បន្ន ក្រុមហ៊ុនមានប្រតិបត្តិការនៅប្រទេសឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា មីយ៉ាន់ម៉ា និងបង់ក្លាដែស។ ក្រុមហ៊ុន JAPFA Group អនុវត្តគំរូអាជីវកម្មរួមបញ្ចូលគ្នានូវខ្សែច្រវាក់តម្លៃទាំងមូល “Feed–Farm–Food” ចាប់ពីការផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមសត្វ ការកែច្នៃ រហូតដល់ការផលិត និងចែកចាយផលិតផលអាហារសម្រាប់អ្នកប្រើប្រាស់ និងវិស័យសេវាកម្មម្ហូបអាហារ។
ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះគណៈប្រតិភូក្រុមហ៊ុន JAPFA Group ដែលបានអញ្ជើញមកកម្ពុជាដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគ និងស្វែងរកកាលានុវត្តភាពវិនិយោគនៅក្នុងវិស័យកសិកម្ម និងកសិ ឧស្សាហកម្ម។ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនពីច្បាប់ស្តីពីវិនិយោគ ជាពិសេស របបលើកទឹកចិត្តដែលមានភាពទាក់ទាញ និងគោលនយោបាយគាំទ្រផ្សេងៗដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ចនិងវិនិយោគ។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីការដាក់ចេញនូវ “ក្របខណ្ឌអភិវឌ្ឍន៍សួនកសិ ឧស្សាហកម្មនៅកម្ពុជា” កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កន្លងមក ដើម្បីទាក់ទាញវិនិយោគឯកជនក្នុងគោលដៅជំរុញការកែច្នៃកសិផល និងបង្កើនតម្លៃបន្ថែមនៃវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ។
លោក Mark Gerald Eman ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមអគ្គលេខាធិការនិងសហការី ដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារ។ លោក Mark Gerald Eman បានកត់សម្គាល់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានទទួលស្គាល់ថាច្បាប់ស្តីពីវិនិយោគរបស់កម្ពុជាពិតជាមានភាពបើកចំហ មានតម្លាភាព ហើយរបបលើកទឹកចិត្តមានភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងមានក្របខណ្ឌគោលនយោបាយដោយឡែកសម្រាប់គាំទ្រដល់វិស័យកសិ ឧស្សាហកម្ម។ ក្នុងន័យនេះ លោកបានសម្តែងនូវសុទិដ្ឋិនិយមខ្ពស់ថាកម្ពុជាគឺជាគោលដៅសម្រាប់ក្រុមហ៊ុនបណ្តាក់ទុនវិនិយោគ។
ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះគោលបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រោះវិស័យកសិកម្ម និងកសិ ឧស្សាហកម្មនៅកម្ពុជាមានសក្តានុពលធំធេងដែលទាមទារឱ្យមានក្រុមហ៊ុនដែលជំនាញ និងបទពិសោធន៍ច្បាស់លាស់មកបណ្តាក់ទុនវិនិយោគដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីវិស័យនេះ។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីសម្របសម្រួល និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនមិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា។