10-03-2026

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគម TAFTAC ដឹកនំាដោយលោក Enjoy Ho ប្រធានសមាគម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក Enjoy Ho បានដឹកនាំប្រតិភូសមាគមមកជួបពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមអគ្គលេខាធិការបានអបអរសារទរចំពោះលោក Enjoy Ho ដែលត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានសមាគម ក្នុងអាណត្តិឆ្នាំ២០២៦-២០២៨។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានចែករំលែកនូវបទពិសោធន៍ការងារមួយចំនួនជាមួយអតីតប្រធានសមាគម និងកិច្ចសហប្រតិបត្តិផ្សេងៗនាពេលកន្លងមករវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសមាគម ក្នុងការលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។
ជាកិច្ចបន្ទាប់ លោក Enjoy Ho បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីសាវតាររបស់សមាគមដែលបានប្រែក្លាយពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មកជាសមាគម TAFTAC ដែលមកទល់ពេលនេះមានអាយុកាលប្រមាណ៣០ឆ្នាំ។ លោកប្រធានសមាគមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសមាគម និង ក.អ.ក. នាពេលកន្លងមក ព្រមទាំងបានស្នើសុំ ក.អ.ក. ឱ្យបន្តគាំទ្រនូវសកម្មភាពរបស់សមាគម ដើម្បីជំរុញការវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងឧស្សាហកម្មគាំទ្រផ្សេងៗទៀត។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានថ្លែងនូវការកោតសរសើរចំពោះសកម្មភាពរបស់សមាគមនាពេលកន្លងដែលបានចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា និងបានបង្ហាញនូវឆន្ទៈក្នុងការរក្សានូវកិច្ចសហការល្អជាមួយសមាគម។ ជាមួយគ្នានេះ ដើម្បីឱ្យសមាគមមានសកម្មភាពថ្មីគួរឱ្យកត់សម្គាល់ក្នុងអាណត្តិថ្មី ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យសមាគម៖ ទី១-ធ្វើការគិតគូរលើការចូលរួមកាត់បន្ថយហានិយភ័យនៃការបំពុលបរិស្ថាន តាមរយៈការសិក្សារៀបចំទីតាំងសមស្របណាមួយសម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ និងទី២-ធ្វើការគិតគូរទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គង់ផ្គង់សម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមលក្ខណៈរួចរាល់សម្រាប់ផ្តល់កិច្ចសហការធ្វើកិច្ចការនេះ។ ជាការឆ្លើយតប លោក Enjoy Ho បានទទួលយកសំណើទាំងពីរនេះ ដើម្បីធ្វើការគិតគូររៀបចំ។