នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និងសេចក្ដីព្រាងសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិស្តង់ដា (SOP) នៃយន្តការវេទិកា G-PSF ដើម្បីប្រមូលធាតុចូល និងផ្ទៀងផ្ទាត់ទិន្នន័យជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅធ្វើឱ្យឯកសារទាំងពីរនេះ កាន់តែមានភាពល្អប្រសើរ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ៩០រូប។
ជាលទ្ធផល អង្គប្រជុំបានសម្តែងនូវការវាយតម្លៃខ្ពស់ និងឯកភាពទៅលើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពខាងលើ ដែលលេខាធិការដ្ឋាន គ.ស.រ.ជ. បានរៀបចំឡើង និងផ្តល់ធាតុចូលមួយចំនួនលើសេចក្តីព្រាងសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិស្តង់ដា (SOP) នៃយន្តការវេទិកា G-PSF។