20-08-2026

(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ នារសៀលថ្ងៃទី២0 ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជកម្ម និងវិនិយោគមកពីរដ្ឋសេឡាំងហ្គ័រ ប្រទេសម៉ាឡេស៊ីដឹកនាំដោយលោក Ng Sze Han ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ Selangor (Exco) ទទួលបន្ទុកវិនិយោគ ពាណិជ្ជកម្ម និងចល័តភាព។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីបរិយាបទវិនិយោគ និងបទប្បញ្ញត្តិពាក់ព័ន្ធនានានៅកម្ពុជា។ មានមតិក្នុងជំនួបនេះ ភាគីម៉ាឡេស៊ី (Invest Selangor) បានណែនាំអំពីព្រឹត្តិការណ៍ Selangor International Business Summit (SIBS) 2026 ដែលជាវេទិកាធុរកិច្ចថ្នាក់តំបន់ដ៏សំខាន់មួយសម្រាប់តភ្ជាប់សហគ្រិន និងវិនិយោគិនក្នុងតំបន់អាស៊ាន ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកឱកាសធុរកិច្ចរួមគ្នារវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន
ចំពោះភាគីម៉ាឡេស៊ីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីច្បាប់និងបទប្បញ្ញត្តិ, កញ្ចប់លើកទឹកចិត្តប្រកបដោយភាពឆ្លាតវៃ ជាពិសេសសេវាការថែទាំវិនិយោគ ដែលជ្រកក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះជាជំហានដ៏សំខាន់មួយក្នុងការបើកទ្វារទទួលអ្នកវិនិយោគគិនបរទេស និងលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។