04-02-2026

ខេត្តសៀមរាប៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្តីពី «ការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគដើម្បីរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងព្រំដែន» ក្រោមក្របខ័ណ្ឌនៃមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង (១) លើកកម្ពស់ការយល់ដឹងពីរបកគំហើញ និងអនុសាសន៍ (២) ផ្តល់វេទិកាពិភាក្សា ដើម្បីអនុញ្ញាតឱ្យអ្នកចូលរួមផ្តល់មតិកែលម្អលើរបកគំហើញ និង (៣) ផ្តល់ធាតុចូលសម្រាប់រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពនានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនាពេលអនាគត។
ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមបានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូនៃបណ្តាប្រទេសសមាជិក និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានអញ្ជើញចូលរួមសិក្ខាសាលាដោយផ្ទាល់។ ឯកឧត្តមបានគូសរំលេចថា ក្នុងពិភពលោកដែលមានសកលភាវូបនីយកម្មកាន់តែខ្លាំងក្លា ការបង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងព្រំដែននឹងលើកទឹកចិត្តឱ្យមានរំហូរវិនិយោគ និងពាណិជ្ជកម្មកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការអនុវត្តគម្រោងដ៏មានសារៈសំខាន់សម្រាប់អនាគតនៃតំបន់មេគង្គ-ឡានឆាង។
សូមជម្រាបជូនផងដែរថា សិក្ខាសាលាផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងអង្គទូត និងក្រសួង ស្ថាប័នពាក់ព័ន្ធមកពីប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។