ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកក្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដឹកនាំដោយលោក ស្រ៊ុន ពៅ ប្រធានសមាគម។
បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមអគ្គលេខាធិការ លោក ស្រ៊ុន ពៅ ប្រធានសមាគម បានជម្រាបជូនអំពីសាវតារនៃការបង្កើតសមាគម ព្រមទាំងបានចែករំលែកអំពីវឌ្ឍនភាព និងសក្តានុពលនៃវិស័យចិញ្ចឹមសត្វ ដែលជាផ្នែកដ៏សំខាន់មួយនៃវិស័យកសិកម្ម និងមានតួនាទីចូលរួមចំណែកក្នុងការបង្កើនផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាកសិករ និងធានាសន្តិសុខស្បៀង។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។
ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់សមាគមនាពេលកន្លងមក និងបានថ្លែងអំណរគុណដល់សមាគមដែលបានចែករំលែកព័ត៌មានអំពីស្ថានភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តមអគ្គលេខាធិការបានជំរុញ និងលើកទឹកចិត្តឱ្យសមាគមបន្តខិតខំអភិវឌ្ឍវិស័យនេះ មិនត្រឹមតែដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវជំរុញការកែច្នៃផលិតផល ដើម្បីឈានទៅដល់ការនាំចេញផងដែរ។ ជាមួយគ្នានេះ សមាគមត្រូវយកចិត្តទុកដាក់លើលទ្ធភាពនៃការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក សំដៅបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់អំពីតួនាទីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងការសម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅកម្ពុជា។