សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុវៀតណាម បានសហការរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងធុរជននៃប្រទេសទាំងពីរប្រមាណ ៣០០ នាក់។
វេទិកាធុរកិច្ចនេះ រៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើន ដោយផ្តោតសំខាន់: បន្តដំឡើងកម្រិតពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅរកគោលដៅ ២០ ប៊ីលានដុល្លារអាម៉េរិក, ប្រែក្លាយការតភ្ជាប់ផ្លូវ ទៅជា ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងឧស្សាហកម្មរួមគ្នា, ជំរុញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ឡូជីស្ទិក ថាមពលស្អាត និងទេសចរណ៍។
នាឱកាសនោះ ក៏មានការផ្លាស់ប្តូរវិញ្ញាបនបត្រ និងឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន ៣ ដើម្បីពង្រីកធុរកិច្ចទ្វេភាគី មាន៖
១-ក្រសួងហិរញ្ញវត្ថុវៀតណាម ជាមួយក្រុមហ៊ុន Truong Hai Agriculture JSC (THACO AGRI), Truong Hai Group
២-ក្រុមហ៊ុន CAIC (ព្រលានយន្តហោះអន្តរជាតិតេជោ) ជាមួយក្រុមហ៊ុន Vietnam Airlines
៣-ក្រុមហ៊ុន Angkor Data Communication Group កម្ពុជា ជាមួយ Vietnam Posts and Telecommunications Group (VNPT) Group វៀតណាម។
«ជួញជិត ប្រសើរជាងជួញឆ្ងាយ» កម្ពុជាជានិច្ចកាលស្វាគមន៍ និងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាដៃគូ ជាមួយវិនិយោគិននៃបណ្តាប្រទេសទាំងអស់!