21-11-2025

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីព្រឹកថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១០គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១១១លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៦ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៩គម្រោង (ផលិតប្រេងកៅស៊ូ, ផលិតចំណីសត្វ, ផលិតខ្សែអំពូលភ្លើងលម្អគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, តុក្កតាណូអែល និងគ្រឿងតុបតែងលម្អសម្រាប់ពិធីបុណ្យណូអែល, ផលិតផលិតផលធ្វើពីប្លាស្ទិក (បន្ទះរក្សាកម្តៅ បន្ទះការពារសំទ្បេង កម្រាលការពារជង្គង់ និងកម្រាលហាត់យូហ្គា), ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈបន្ទាប់បន្សំ, និងផលិតទូកខ្យល់ ទូកកៃយ៉ាក់ តង់ កៅអី សាទ្បុង និងសម្ភារៈបោះជំរំបន្ទាប់បន្សំពីប្លាស្ទិក, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (បង្កើតផែស្ងួត)។
គម្រោងវិនិយោគទាំង១០ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តតាកែវ កំពង់ស្ពឺ ព្រៃវែង កំពត និងព្រះសីហនុ។