05-02-2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជា លើកទី២។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម, សភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មអ៊ីតាលី និងសហគមន៍ធុរកិច្ចកម្ពុជានិងអ៊ីតាលីជាច្រើននាក់ផងដែរ។
ឯកឧត្តមអគ្គលេខាធិការរងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះឡើង ដែលនេះ ជាសញ្ញាណវិជ្ជមាននៃភាពជឿជាក់ពីសំណាក់ធុរជន ពាណិជ្ជករ និងវិនិយោគិនអ៊ីតាលីមកលើកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការរងបានបន្ថែមថា បើទោះបីជាប្រទេសយើងទាំងពីរមានភូមិសាស្រ្តឆ្ងាយពីគ្នាក្តី ក៏ប៉ុន្តែផ្អែកលើកត្តាសេដ្ឋកិច្ច ប្រទេសយើងទាំងពីរមានឧត្តមភាពដែលអាចបំពេញឱ្យគ្នាទៅវិញទៅមកលើវិស័យសក្ដានុពលមួយចំនួន។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការរងក៏បានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចនិងវិនិយោគអ៊ីតាលី ឱ្យធ្វើការពិចារណាវិនិយោគលើវិស័យដែលមានសក្តានុពលចំនួន៤ ដែលវិស័យទាំងនេះអាចធ្វើឱ្យប្រតិបត្តិការរបស់ពួកគេទទួលបានជោគជ័យ និងចូលរួមចំណែកផងដែរដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច កម្ពុជា រួមមាន ការកែច្នៃផលិតផលកសិកម្មនិងបច្ចេកវិទ្យាចំណីអាហារ, ឧស្សាហកម្មកម្មន្តសាលនិងឧស្សាហកម្មគាំទ្រ ដូចជាគ្រឿងបង្គុំនិងបន្លាស់រថយន្ត និងគ្រឿងបង្គុំនិងឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិក, ផលិតផលប្រើប្រាស់ក្នុងផ្ទះ និងការប្រើប្រាស់ប្រចាំថ្ងៃដែលមានកិត្តិនាម “ Made in Italy”, និងឧស្សាហកម្មនិងបច្ចេកវិទ្យាបៃតង។