ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិន មកពីសាធារណរដ្ឋកូរ៉េ ដែលមានបំណងចង់ស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសការបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូអគ្គិសនី។
នៅក្នុងឱកាសនេះ ឯកឧត្តម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនកូរ៉េ ដែលបានសម្លឹងឃើញកម្ពុជា ជាគោលដៅវិនិយោគចម្បងរបស់ខ្លួន។ ទន្ទឹមនេះ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងជាពិសេសការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញ និងជំរុញការវិនិយោគទាំងក្នុងនិងក្រៅប្រទេស។