នារសៀលថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ពិភាក្សាលើបញ្ហាប្រឈមនៃការផ្ទេរ/បោះចោលសំណល់វាយនភណ្ឌ កម្ទេចកម្ទីដែក និងកម្ទេចកម្ទីផ្សេងៗសល់ពីផលិតកម្ម ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំខាងលើ ផ្តោតសំខាន់ទៅលើការរៀបចំយន្តការរួមមួយ ដើម្បីសម្រួល និងកាត់បន្ថយនីតិវិធីនៃត្រួតពិនិត្យលើការផ្ទេរ/បោះចោលកម្ទេចកម្ទីសល់ពីផលិតកម្មរបស់ គ.ល.គ. សំដៅសម្រួលដល់វិនិយោគិន និងលើកកម្ពស់សកម្មភាពកែច្នៃឡើងវិញក្នុងស្រុក ដែលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងជំរុញយុទ្ធសាស្រ្តសេដ្ឋកិច្ចចក្រាវិស័យនៅកម្ពុជា។