09-09-2025
នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក) និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.រ.ជ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បី
ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឧកញ៉ាបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាអនុប្រធានចំពោះកិច្ចសម្រាប់អនុវត្តសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក គ.ស.រ.ជ., អ្នកជំនាញនៃកម្មវិធី CAPRED និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ៖ ១)-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ ជាលើកចុងក្រោយ មុនស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. ក្នុងការដាក់សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនេះ ជូនទីស្តីការគណៈរដ្ឋមន្រ្តីនាពេលឆាប់ៗ ខាងមុខ និង ២)-ចែករម្លែកព័ត៌មានអំពីកិច្ចសហការជាមួយ CAPREDក្នុងការពន្លឿនការរៀបចំ និងដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីស្តង់ដានីតិវិធី ប្រតិបត្តិ (SOP) នៃការរៀបចំនិងប្រព្រឹត្តទៅនៃយន្តការវេទិកា G-PSF, ការពន្លឿនការរៀបចំថ្នាលគ្រប់គ្រងព័ត៌មានវិទ្យា(Management Information System-MIS)ដែលអនុញ្ញាតឱ្យក្រសួងស្ថាប័នអាចរាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន, និងពន្លឿនការបង្កើតគេហទំព័រសម្រាប់យន្តការ G-PSF។
ក្រោយពីបានស្តាប់នូវបទបង្ហាញដែលធ្វើដោយថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេស និងការចូលរួមពិភាក្សាយ៉ាងផុលផុស កិច្ចប្រជុំបានសម្តែងនូវការវាយតម្លៃខ្ពស់ និងឯកភាពទាំងស្រុងទៅលើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី១ឆ្នាំ២០២៥ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំឡើង និងគ្រោងដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងបន្តតាមនីតិវិធី នាពេលឆាប់ៗខាងមុខ ឈានទៅដល់ការគោរពរាយការណ៍ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
គួររំលឹកផងដែរថា ក្នុងការធានាបាននូវវឌ្ឍនភាពជាប្រចាំ ប្រសិទ្ធភាព និងសង្គតិភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ព្រមទាំងការដោះស្រាយបញ្ហាជូនវិស័យឯកជន រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តវិធានការ។ ចាប់តាំងពីការប្រគល់ភារកិច្ច របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុង G-PSF លើកទី១៩ ចំនួន២លើកត្រូវបានរៀបចំនិងទទួលការឯកភាពពីគណៈរដ្ឋមន្រ្តី ហើយដែលរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៤ បានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥ កន្លងទៅ។