26-02-2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋមនៃរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្ត IDP ឆ្នាំ ២០១៥–២០២៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលទទួលបន្ទុកចូលរួមអនុវត្តគោលនយោបាយ IDP និងសមាជិកលេខាធិការដ្ឋាន IDP សរុបប្រមាណ ៨០នាក់។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យផ្ទៀងផ្ទាត់លើទិន្នន័យនិងស្នើសុំការពន្យល់បន្ថែមលើចំណុចមួយចំនួនពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មុននឹងលេខាធិការដ្ឋានយកទៅរៀបចំតាក់តែងសេចក្តីព្រាងបឋមរបាយការណ៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ប្រធានអង្គប្រជុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងនេះ និងបានជម្រាបជូនថា យោងតាមការណែនាំក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លេខាធិការដ្ឋាន IDP ត្រូវរៀបចំរបាយការណ៍ស្តីពីការវាយតម្លៃការអនុវត្តគោលនយោបាយ IDP ចុងអាណត្តិ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត មុននឹងបញ្ចប់អាណត្តិនៃការអនុវត្ត។ ក្នុងន័យនេះ ឯកឧត្តមប្រធានអង្គប្រជុំក៏បានជម្រាបជូនអំពីទិសដៅការងារសំខាន់ៗរបស់លេខាធិការដ្ឋាន IDP ដែលត្រូវបំពេញជាបន្តបន្ទាប់ ដូចជា ការបញ្ចប់ការរៀបចំសេចក្ដីព្រាងបឋមរបាយការណ៍ស្តីពីការវាយតម្លៃការអនុវត្តគោលនយោបាយ IDP ចុងអាណត្តិ ក្នុងដើមខែមេសា ឆ្នាំ២០២៦, ការរៀបចំកិច្ចប្រជុំអន្តរក្រសួងក្នុងខែឧសភា ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារសេចក្តីព្រាងបឋមរបាយការណ៍, ការបញ្ជូនសេចក្ដីព្រាងរបាយការណ៍នេះទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅដើមខែមិថុនា ឆ្នាំ២០២៦, និងការស្នើដាក់សេចក្តីព្រាងរបាយការណ៍ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញស្តីពីលទ្ធផលវិភាគបឋមសម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ដោយក្រុមការងារលេខាធិការដ្ឋាន IDP អង្គប្រជុំបានធ្វើការ៖ ១)ពិនិត្យ និងស្រាយបំភ្លឺលើទិន្នន័យមួយចំនួននៃសូចនាករសមិទ្ធកម្មគន្លឹះកម្រិតយុទ្ធសាស្ត្រ និងវិស័យ, ២)ពិនិត្យពិភាក្សាលើវិធានការរបស់ក្រសួង ស្ថាប័នមួយចំនួនដែលបាននិងកំពុងអនុវត្ត និង ៣)ពិនិត្យពិភាក្សាលើលទ្ធផលវិភាគប្រសិទ្ធភាពនៃយន្តការស្ថាប័នរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយ IDP ក្នុងរយៈពេលអនុវត្ត១០ឆ្នាំកន្លងមក។
បន្ទាប់ពីបានធ្វើការពិភាក្សាយ៉ាងផុលផុស អង្គប្រជុំបានសម្រេចទុករយៈពេលពីរសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំនេះ ឱ្យតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំឡើងវិញនូវទិន្នន័យដែលមានការតម្រូវ និងការពន្យល់បន្ថែមលើចំណុចមួយចំនួនដូចដែលបានធ្វើការកត់សម្គាល់ក្នុងកិច្ចពិភាក្សា ជាលាយលក្ខណ៍អក្សរផ្ញើមកលេខាធិការដ្ឋាន IDP ដើម្បីមានលទ្ធភាពរៀបចំរបាយការណ៍ទាន់ពេលវេលាកំណត់។