02-12-2025

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដែលជាអ្នកវិនិយោគស្ថាប័នដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc។ សមាសភាពគណៈប្រតិភូរួមមានតំណាងក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុ។ គោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះគឺដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា និងស្វែងរកកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការមិនត្រឹមតែក្នុងវិស័យមូលបត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យមួយចំនួនផ្សេងទៀតដូចជា កម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុ។
នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមអគ្គលេខាធិការរងបានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយចំនួនដែលកម្ពុជាខិតខំសម្រេចបាន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជា, ការរីកចម្រើននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ល។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការរងក៏បានលើកឡើងពីរបបលើកទឹកចិត្តវិនិយោគដែលពោរពេញដោយភាពទាក់ទាញ, ពន្ធដារ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា, កិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។