ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំដោយលោក Park Joo Bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) នៃសាធារណរដ្ឋកូរ៉។ នេះជាលើកទី៣ ហើយដែលលោក Park Joo Bong បានដឹកនាំគណៈប្រតិភូធុរកិច្ចមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបើកឱកាសថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមអគ្គលេខាធិការបានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូធុរកិច្ចក្រុង Incheon នៅកម្ពុជា។ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើនជាលំដាប់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្ត និងជំរុញរំហូរវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគតាមរយៈការផ្តល់ការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេស ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីធានានូវសុខសុវត្ថិភាពទាំងសម្រាប់អ្នកទេសចរ និងវិនិយោគិន។ បន្ថែមពីនេះ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូ ICCI កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ឯកឧត្តមបានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េបណ្តាក់ទុនវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ដូចជា ការកែច្នៃស្វាយចន្ទី និងការកែច្នៃស្រូវ ដែលជាវិស័យកំពុងមានសក្តានុពលខ្ពស់។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកឡើងនូវវិស័យកែច្នៃជ័រកៅស៊ូ និងឧស្សាហកម្មឈើដាំ ដែលកំពុងមានតម្រូវការខ្ពស់សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតសម្បកកង់រថយន្ត និងផ្គត់ផ្គង់ដល់រោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារិមផ្សេងៗ ហើយដែលកំពុងទាមទារឱ្យមានការបណ្តាក់ទុនវិនិយោគដើម្បីច្បាមយកផលប្រយោជន៍ជាអតិបរមាពីវិស័យទាំងនេះ ក៏ដូចជាធានាបាននូវស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។
ជាការឆ្លើយតប លោក Park Joo Bong ប្រធាន ICCI បានសម្តែងការកោតសរសើរ និងចាប់អារម្មណ៍ខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ ដែលឯកឧត្តមអគ្គលេខាធិការបានលើកឡើង ជាពិសេសលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ លោកប្រធានបានបញ្ជាក់ពីបំណងយ៉ាងមុតមាំក្នុងការជំរុញ និងនាំសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់ផ្ទាល់អំពីទីផ្សារកម្ពុជាជាបន្តបន្ទាប់។ លោកបានសង្កត់ធ្ងន់ថា វត្តមានផ្ទាល់របស់គណៈប្រតិភូនាពេលនេះបានជួយបំភ្លឺនូវរាល់មន្ទិលសង្ស័យ និងទទួលបានព័ត៌មានផ្លូវការច្បាស់លាស់អំពីបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា។ លើសពីនេះ លោកបានសន្យានឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីសក្តានុពលពិតប្រាកដ និងកិច្ចសម្របសម្រួលដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាធុរជន និងវិស័យឯកជនកូរ៉េ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងភាគីទាំងពីរឱ្យកាន់តែរីកចម្រើន និងឈានឡើងដល់កម្រិតថ្មីមួយទៀត។ ជាចុងក្រោយ លោកបានសម្តែងនូវការរំពឹងទុកនូវលទ្ធផលល្អប្រសើរពីការរៀបចំបេសកកម្មទាក់ទាញវិនិយោគនៅទីក្រុង Incheon របស់គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក.អ.ក ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមិថុនាខាងមុខនេះ។